ព្រះចៅអធិកាវត្តកេសរារាម៖ ការរួមគ្នាកសាងសមិទ្ធផលវត្តអារាម គឺជួយលើកស្ទួយព្រះពុទ្ធសាសនា
AKP សៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--អគារផ្ទះបាយថ្មី១ខ្នងកម្ពស់ពីរជាន់ ដែលមានប្រវែងទទឹង១៣ម៉ែត្រ និងបណ្តោយ២១ម៉ែត្រដែលមានជាន់ខាងក្រោមសម្រាប់ផ្ទះបាយ និងជាន់លើសម្រាប់ព្រះសង្ឃគង់នៅសិក្សាដែលកំពុងតែសាងសង់បានប្រមាណប្រហែលជា៦០ភាគរយហើយ នោះត្រូវបានព្រះចៅអធិការវត្ត ព្រមទាំព្រះសង្ឃ និងអាចារ្យគណៈកម្មការពុទ្ធបរិស័ទ ចំណុះជើងវត្តកេសរារាម ហៅវត្តធម្មយុត្ត ដែលស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងពុទ្ធបរិស័ទជិតឆ្ងាយ បានមូលមតិគ្នាផ្តួចផ្តើមធ្វើ បុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យមកកសាងបន្ថែមទៀតឱ្យបានរួចរាល់។

ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការវត្តកេសរារាម បានមានថេរដីកា នាថ្ងៃនេះថា ការរួមគ្នាកសាងសមិទ្ធផលវត្តអារាម គឺជួយលើកស្ទួយព្រះពុទ្ធសាសនា គឺជាសច្ចធម៌ដ៏មានតម្លៃស្តែងចេញពីទឹកចិត្តជ្រះថ្លារបស់ពុទ្ធបរិស័ទហើយការរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាម មិនត្រឹមតែជាការកសាងសំបកក្រៅនោះទេ ប៉ុន្តែវាជាការបង្កើតមូលដ្ឋានគ្រឹះទ្រទ្រង់សាសនា វប្បធម៌ និងការអប់រំមនុស្សក្នុងសង្គមជាតិ។

ព្រះចៅអធិការមានថេរដីកាបន្តថា ការចូលរួមរបស់ព្រះសង្ឃ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងប្រជាពុទ្ធបរិស័ទក្នុងការកសាងសមិទ្ធផលនានា មិនត្រឹមតែជាការរួមចំណែកផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពី សាមគ្គីភាព សទ្ធាជ្រះថ្លា និងការចូលរួមថែរក្សាមរតកព្រះពុទ្ធសាសនា និងវប្បធម៌ជាតិ ឱ្យបន្តស្ថិតស្ថេរ និងរីកចម្រើន សម្រាប់ព្រះសង្ឃ ពុទ្ធបរិស័ទ និងកូនចៅជំនាន់ក្រោយ។

ព្រះអង្គក៏បានមានថេរដីកាទៀតថា ការធ្វើបុណ្យផ្កាប្រាក់សាមគ្គីនាពេលនេះគឺជាស្មារតីនៃការចូលរួមរបស់ពុទ្ធបរិស័ទគ្រប់ទិសទី ដោយផ្តោត លើការកសាងសមិទ្ធផលដែលអាចប្រើប្រាស់បានយូរអង្វែង និងផ្តល់ផលប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅក្នុងមូលដ្ឋានផងដែរ។ ការបរិច្ចាគថវិកា កម្លាំងកាយ និងប្រាជ្ញាស្មារតីដើម្បីកសាងវត្តអារាម គឺជាការសន្សំកុសលផលបុណ្យ និងជាការធានាថាព្រះពុទ្ធសាសនានឹងបន្តស្ថិតស្ថេរគង់វង្សចីរកាលសម្រាប់កូនចៅជំនាន់ក្រោយ។

ព្រះវិបុលសត្ថា រី សាត ក៏បានមានថេរដីកាបញ្ជាក់បន្ថែមថា អាស្រ័យដោយបច្ចុប្បន្ននេះ ព្រះសង្ឃដែលកំពុងគង់នៅ និងសិក្សារៀនសូត្រធម៌វិន័យ មានចំនួនកើនឡើង។ ប៉ុន្តែអគារសម្រាប់គង់នៅ និងសិក្សានៅមានកម្រិតហើយផ្ទះបាយសម្រាប់ធ្វើចង្ហាន់មានភាពចាស់ទ្រុឌទ្រោមផងដែរ។ ដោយក្នុងនោះដីក្នុងទីធ្លាវត្តមានការតូចចង្អៀតទើបព្រះអង្គ និងអាចារ្យគណៈកម្មការវត្តសម្រេចធ្វើការកសាងអគារផ្ទះបាយថ្មី១ខ្នងមានកម្ពស់ពីរជាន់ ដោយមានជាន់ខាងក្រោមសម្រាប់ផ្ទះបាយនិងជាន់លើសម្រាប់ព្រះសង្ឃគង់នៅសិក្សា ហើយការកសាងនេះមិនត្រឹមតែជាការសម្រួលដល់ការគង់នៅនិងការសិក្សារបស់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសាងទ្រព្យក្នុងព្រះពុទ្ធសាសនា ដ៏វិសេសវិសាល ដែលនឹងផ្ដល់ផលានិសង្សយ៉ាងធំធេងដល់អ្នកកសាង ទាំងក្នុងជាតិនេះ និងជាតិខាងមុខផងដែរ៕
ដោយ ឃុត សៅ





