ឯកឧត្តម គីម វីរៈ ចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលប៉ះពាល់ពលរដ្ឋ ក្នុងស្រុកថាឡាបរីវ៉ាត់
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅភូមិវាលខ្សាច់ និងភូមិឋាឡាបរីវាត់ ក្នុងឃុំថាឡាបរីវ៉ាត់ និងភូមិអូរស្វាយ ភូមិអន្លង់ស្វាយ ភូមិអូររ៉ៃ ភូមិកាំចាម ក្នុងឃុំកាំចាម ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ ឯកឧត្តម គីម វីរៈ បានអញ្ជើញចុះពិនិត្យនៅភូមិសាស្រ្តខាងលើ មានប្រជាពលរដ្ឋប៉ះពាល់ចំនួន ៣៦៣ គ្រួសារ និងជម្លៀសទៅកាន់ទីទួលសុវត្ថិភាពចំនួន ១០គ្រួសារ ខណៈមកទល់ពេលនេះ ប្រជាពលរដ្ឋបានវិលត្រលប់ទៅផ្ទះវិញ បន្ទាប់ពីស្ថានភាពទឹកបានចុះស្រកវិលមករកភាពប្រក្រតីឡេីងវិញ ។ ប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ទឹកស្អាត បរិស្ថានជុំវិញ និងអាហារដែលមានសុវត្ថិភាព ដើម្បីការពារសុខភាព និងជៀសវាងជំងឺដែលអាចកើតមានក្រោយទឹកជំនន់។ឯកឧត្តម អគ្គលេខាធិការ ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រមូលទិន្នន័យអ្នករងគ្រោះ និងស្វែងតម្រូវការរបស់ប្រជាពលរដ្ឋ សំដៅធានាសុខសុវត្ថិភាព ព្រមទាំងឆ្លេីយតបឱ្យទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកមានការប្រែប្រួលឡេីងវិញ។

អំឡុងពេលទឹកជំនន់មេគង្គ ក្នុងខេត្តស្ទឹងត្រែងកើនឡើង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានចំនួន ២៣ឃុំ ស្រុកចំនួន៦ រួមមាន ស្រុកសេសាន្ត ស្រុកសៀមបូក ស្រុកសៀមប៉ាង ក្រុងស្ទឹងត្រែង ស្រុកថាឡាបរីវ៉ាត់ និងស្រុកបុរីអូរស្វាយសែនជ័យ ៕

ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





