អាជីវករនៅផ្សារនាគមាសរងគ្រោះ២១១ស្តង់ បានទទួលថវិកា ១លានរៀលក្នុង១តូបពីឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី
AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦–អាជីវករនៅផ្សារនាគមាសចំនួន ២១១ស្តង់ ដែលរងផលប៉ះពាល់ ដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទទួលបានថវិកាចំនួន០១ លានរៀល ក្នុងមួយស្តង់ ដែលថវិកាទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ. ក.) តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលនាំយកមកចែកជូនដោយ លោក ហួត ហៃ អភិបាលរាជធានីភ្នំពេញស្តីទី ។

ពិធីប្រគល់ថវិកានេះបានធ្វើឡើង នៅរសៀលថ្ងៃទី៣០ សីហា ឆ្នាំ២០២៦ ក្រោមវត្ដមានលោក ហួត ហៃ អភិបាលរាជធានីភ្នំពេញស្តីទី តំណាង ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅបរិវេណអតីតដីមជ្ឈម ណ្ឌលម៉ង់ឌីយ៉ាល់ សង្កាត់ផ្សារដើគរខណ្ឌទួលគោក។

លោក ហួត ហៃ ក្នុងឱកាសនោះ បានថ្លែងនូវការចូលរួមសោគស្តាយយ៉ាងខ្លាំងចំពោះបងប្អូនអាជីវករលក់បន្លែ និងផ្លែឈើទាំងអស់ដែលទទួលរងគ្រោះដោយគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលធ្វើឱ្យស្តង់លក់ដូរទាំង២១១ស្តង់ ត្រូវបានអគ្គីភ័យឆាឆេះអស់ទាំងស្រុងបើទោះបីរដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយឯកឧត្ដមឃួង ស្រេង បានចាត់ក្រុមអន្តរាគមន៌ជួយពន្លត់ប្រឹងប្រែងយ៉ាងទាន់ពេលវេលាក៏ដោយ ។ ដោយមើលឃើញទុក្ខលំបាករបស់បងប្អូនជាអាជីវករ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្រេចផ្ដល់ថវិកា ជូនតាមរយៈ រូបលោកដែលជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកថវិកាចំនួន២១១ លានរៀល មកប្រគល់ជូនបងប្អូនអាជីវករទាំង២១១ស្តង់ ពោលគឺក្នុងមួយស្តង់ទទួលបានថវិកា០១លានរៀល។ ឯកឧត្តម ហ៊ុន ម៉ានី លោកជាថ្នាក់ដឹកនាំដ៏ល្អម្នាក់តែងតែយកចិត្តទុក្ខដាក់គិតគូរសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋទូរទៅជាក់ស្ដែងថ្ងៃនេះចំពោះបងប្អូនអាជីវករនៅផ្សារនាគមាសដែលកំពុងជួបការលំបាកដោយភ្លើងឆេះតូបស្តង់នាពេលកន្លងមកនេះ។ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនចែកជូនដល់អាជីវករទាំង២១១ស្តង់ដើម្បីជាការចែករំលែកទុក្ខលំបាករបស់បងប្អូនក្នុងគ្រាដ៏លំបាកបំផុតនេះ។ ទង្វើដ៏ល្អប្រពៃរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នៅពេលនេះ ជាការជួយគ្នាបានគ្រា គឺជាទង្វើប្រកបដោយបុណ្យកុសលដ៏ល្អបំផុត មិនត្រឹមតែនៅជាតិនេះទេ គឺនៅជាតិក្រោយទៀតផង។
លោក ហួត ហៃ បានបន្តទៀតថា៖ ចំពោះមុខនៃទុក្ខលំបាកនេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំជាផ្សារ លក់បន្លែរនិងផ្លែឈើជាបណ្ដោះអាសន្ននៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្ន ដោយរង់ចាំឱ្យម្ចាស់ផ្សារ និងអាជ្ញាធរ សាងសង់តូប/ស្តង់ឡើងវិញទៅតាមទំហំ និងទីតាំងនៅក្នុងផ្សារនាគមាសដដែល ។

ក្នុងឱកាសនោះដែរបងប្អូនអាជីវករទាំងអស់សប្បាយរី ករាយ និងបានសំដែងនូវអំណរគុណ ចំពោ៖ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ថវិកានិងបានសម្រួលឱ្យពួកគាត់បានលក់បន្ត ដើម្បីចិញ្ចឹមជីវិត។

សូមបញ្ជាក់ថា៖ ផ្សារនាគមាស ត្រូវបានអគ្គិភ័យវាយ ប្រហារយ៉ាងសន្ធោសន្ធៅនៅវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតនៅផ្សារផ្លែឈើA៥ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ. បានឲ្យដឹងថា ប្រភេទសំណង់ដែកប្រក់ស័ង្កសី ទំហំ ៦០ម៉ែត្រ ១៤០ម៉ែត្រ, ខូចខាតសម្ភារៈ ឆេះតូបចំនួន២១១តូប រួមនឹងសម្ភាររបស់អាជីវករជាច្រើនទៀត តែមិនបណ្ដាល ឱ្យ មនុស្សស្លាប់ ឬរងរបួសនោះឡើយ។ អគ្គីភ័យនេះបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៤៧គ្រឿង។ មូលហេតុបណ្ដាល មកពីឆ្លងចរន្តអគ្គីសនី៕
ដោយ៖ សួស សំរិត





