ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម៖ ស្មារតីរឹងមាំរបស់ពលរដ្ឋភៀសសឹក គឺជាក្តីសង្ឃឹមក្នុងការកសាងជីវភាពឡើងវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ខែ សីហា ឆ្នាំ២០២៦--បន្ទាប់ពីឆ្លងកាត់ស្ថានភាពលំបាកដោយសារការភៀសសឹកពីសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើបូរណ ភាពទឹកដីកម្ពុជា ប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញឱ្យឃើញពីស្មារតីអត់ធ្មត់ និងភាពរឹងមាំតាមរយៈការខិតខំរៀបចំទីជម្រក កសាងជីវភាព និងបន្តប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពរបស់ខ្លួន ទោះបីស្ថិតក្នុងបរិបទដែលនៅតែមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ក្នុងស្មារតីយកចិត្តទុកដាក់ចំពោះសុខទុ ក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋភៀសសឹក នៅភូមិរង់ចាំ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ។
ការចុះពិនិត្យដោយផ្ទាល់នេះ មិនត្រឹម តែជាការសួរសុខទុក្ខ និងលើកទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសសម្រាប់ទទួលបានព័ត៌មានពីស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យការជួយសង្គ្រោះ ការសម្របសម្រួល និងការដោះស្រាយបញ្ហាឆ្លើយតបទៅនឹងតម្រូវការជាក់ ស្តែងនៅមូលដ្ឋាន។
ក្នុងអំឡុងពេលចុះពិនិត្យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានកោតស រសើរចំពោះប្រជាពលរដ្ឋភៀសសឹក ដែលបានបន្តខិតខំរៀបចំផ្ទះសម្បែងឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាព ព្រមទាំងចាប់ផ្តើមចិញ្ចឹមសត្វ និងដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីបម្រើការហូបចុកប្រចាំថ្ងៃ និងអាចលក់ដូរដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា សកម្មភាពទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ទំហំនៃក្តីសង្ឃឹម និងស្មារតីរឹងមាំរបស់ប្រជាពលរដ្ឋភៀសសឹក ដែលមិនបោះបង់ការខិតខំកសាងជីវភាពរបស់ខ្លួន បើទោះបីកំពុងប្រឈមនឹងការលំបាកក៏ដោយ។
តាមរយៈការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋ ការរស់នៅក្នុងទីតាំងភៀសសឹកក៏ត្រូវបានបន្តរៀបចំឱ្យកាន់តែប្រសើរឡើង ដោយផ្តោតលើការធានាតម្រូវការជីវភាពប្រចាំថ្ងៃ និងការបង្កើតលទ្ធភាពឱ្យគ្រួសារអាចពឹងផ្អែកលើសមត្ថភាពរបស់ខ្លួនបានកាន់តែច្រើន។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានទុកឱ្យប្រឈមនឹងការលំបាកដោយខ្លួនឯងឡើយ ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តផ្តល់ការជួយជ្រោមជ្រែងតាមលទ្ធភាព និងតម្រូវការ ក្នុងនោះរួមមាន ការផ្តល់ថវិកាឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីដោយឥតបង់ប្រាក់ ព្រមទាំងការលើកស្ទួយសកម្មភាពកសិកម្ម ដើម្បីជួយឱ្យប្រជាពលរដ្ឋអាចបន្តស្តារជីវភាព និងបង្កើនសមត្ថភាពផលិតកម្មរបស់គ្រួសារ។
ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានបន្តចុះពិនិត្យតាមខ្នងផ្ទះ ដើម្បីស្តាប់ដោយផ្ទាល់នូវសំណូមពរ សំណើ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋភៀសសឹក។ ចំពោះបញ្ហាដែលត្រូវការការសម្របសម្រួល ឯកឧត្តមបានយកចិត្តទុកដាក់ដើម្បីសម្របសម្រួលជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន ឱ្យមានការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង។
ការចុះដល់ខ្នងផ្ទះនេះ ក៏បានបង្ហាញពីសារៈសំខាន់នៃការតភ្ជាប់រវាងការគ្រប់គ្រងនៅថ្នាក់ជាតិជាមួយការអនុវត្តនៅមូលដ្ឋាន ព្រោះបញ្ហារបស់ប្រជាពលរដ្ឋអាចត្រូវបានស្វែងយល់កាន់តែច្បាស់ នៅពេលថ្នាក់ដឹកនាំបានឃើញ និងស្តាប់ដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់ពួកគេ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀត គឺការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅមកពីបណ្តាខេត្តផ្សេងៗទៅកាន់ភូមិរង់ចាំ ដើម្បីចូលរួមផ្តល់ការលើកទឹកចិត្ត និងជួយគ្នាតាមលទ្ធភាព។ សម្រាប់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទិដ្ឋភាពនេះបានបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់គ្នារវាងប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតី «ខ្មែរតែមួយ» ដែលនៅពេលមានការលំបាក គឺជាពេលវេលាដែលប្រជាពលរដ្ឋរួមគ្នាឈរនៅជាមួយគ្នា និងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។
ជាក់ស្តែង ការរៀបចំផ្ទះ ការដាំដំណាំ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋភៀសសឹក មើលទៅជាសកម្មភាពប្រចាំថ្ងៃធម្មតា ប៉ុន្តែវាបានក្លាយជារូបភាពដ៏មានន័យនៃការចាប់ផ្តើមស្តារជីវភាពពីភាពលំបាក។ វាបង្ហាញថា នៅក្នុងគ្រប់ស្ថានភាព ប្រជាពលរដ្ឋនៅតែមានបំណងចង់រស់នៅដោយមានក្តីសង្ឃឹម ពឹងផ្អែកលើកម្លាំងខ្លួនឯង និងត្រៀមខ្លួនវិលត្រឡប់ទៅរកជីវភាពប្រក្រតីវិញ។
ការចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពតាមខ្នងផ្ទះរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នៅពេលនេះ ដូច្នេះ មិនត្រឹមតែជាសកម្មភាពមនុស្សធម៌ និងការលើកទឹកចិត្តដល់ប្រជាពលរដ្ឋភៀសសឹកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្តពង្រឹងការសម្របសម្រួលរវាងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីធានាថាតម្រូវការ និងបញ្ហាប្រឈមរបស់ពលរដ្ឋត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយឱ្យបានទាន់ពេលវេលា។
នៅពីក្រោយសកម្មភាពតូចៗដូចជា ការដាំដំណាំមួយចម្ការ ការចិញ្ចឹមសត្វមួយចំនួន ឬការរៀបចំផ្ទះសម្បែងមួយខ្នង គឺជាក្តីប្រាថ្នាដ៏ធំរបស់ប្រជាពលរដ្ឋភៀសសឹក គឺការចង់បានជីវភាពដែលមានសុវត្ថិភាព មានស្ថិរភាព និងអាចកសាងអនាគតរបស់គ្រួសារឡើងវិញបាន។ ស្មារតីនេះហើយ ដែលក្លាយជាកម្លាំងជំរុញឱ្យដំណើរការស្តារជីវភាពអាចបន្តទៅមុខបាន ទន្ទឹមនឹងការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរ និងសង្គមទាំងមូល៕
ដោយឈុនសារ៉ាត





