រដ្ឋមន្ត្រីក្រសួងអប់រំផ្តល់បាឋកថាពិសេសស្តីពី "វិភាគទាននៃការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតទៅលើការអនុវត្តកំណែទម្រង់សាលារៀន” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះបានអញ្ជើញផ្តល់បាឋកថាពិសេសស្តីពី "វិភាគទាននៃការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតទៅលើការអនុវត្តកំណែទម្រង់សាលារៀន” ជូនដល់អ្នកសិក្សាថ្នាក់បណ្ឌិតអប់រំ នៃកម្មវិធីបណ្តុះបណ្តាលត្រៀមថ្នាក់បណ្ឌិតអប់រំ ក្រោមគម្រោង GEIP-AF របស់ក្រសួងអប់រំ យុវជន និងកីឡា នៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបាឋកថាពិសេសនេះគឺជាផ្នែកមួយនៃដំណើរការជ្រើសរើស និងបណ្តុះបណ្តាលថ្នាក់បណ្ឌិតប្រកបដោយគុណភាព និងការយកចិត្តទុកដាក់ ដែលមានលក្ខណៈជាប្រព័ន្ធ ខណៈក្នុងចំណោមបេក្ខជនដែលបានដាក់ពាក្យចូលរួមកម្មវិធីមានអ្នកសិក្សាចំនួន ៥០នាក់ដែលបានឆ្លងកាត់វគ្គជម្រុះជុំទី១ ដោយជោគជ័យ និងកំពុងបន្តការសិក្សានៅវគ្គជម្រុះជុំទី២ ដើម្បីត្រៀមខ្លួនឆ្ពោះទៅការសិក្សាថ្នាក់បណ្ឌិតពេញលេញ។

នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អ្នកសិក្សា និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានឆ្លងកាត់វគ្គជម្រុះជុំទី១ ដោយជោគជ័យ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការសិក្សារៀនសូត្រថ្នាក់បណ្ឌិតនេះបានបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការសិក្សាពេញមួយជីវិត។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានរំលឹកថា ការសិក្សារៀនសូត្រត្រូវផ្តោតលើការអនុវត្តជាក់ស្តែង មិនត្រឹមតែសិក្សារៀនសូត្រពីទ្រឹស្តីប៉ុណ្ណោះទេ ពោលគឺសិក្សារៀនសូត្រហើយពេលត្រឡប់ទៅវិញត្រូវតែយកទៅអនុវត្តឱ្យបង្កើតបានជាផលវិជ្ជមានជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា និងអង្គភាពរបស់ខ្លួន ដោយអ្នកសិក្សាទាំងអស់ត្រូវចេះផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តី និងការស្រាវជ្រាវទៅនឹងការងារជាក់ស្តែង ដើម្បីចូលរួមចំណែកផ្ទាល់ក្នុងការធ្វើកំណែទម្រង់សាលារៀន និងលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ក្នុងបាឋកថានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានរំលេចអំពីការវិវត្តន៍នៃដំណើរការកំណែទម្រង់វិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១៣មក និងបានចាប់ផ្តើមធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិយ៉ាងតឹងរ៉ឹង និងប្រកបដោយតម្លាភាព ពោលគឺ"អ្នកចេះគឺជាប់" ដែលជាចំណុចរបត់ និងជាគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញគុណភាពអប់រំ មុននឹងឈានទៅពង្រីកវិសាលភាពកំណែទម្រង់លើអាទិភាពទាំង៨ និងសសរស្ដម្ភទាំង៥ នៃវិស័យអប់រំ ដោយកំណែទម្រង់សំខាន់ៗដែលត្រូវបានដាក់ឱ្យអនុវត្តរួមមាន ការបង្កើតសាលារៀនជំនាន់ថ្មី (NGS) ដើម្បីឆ្លើយតបទៅនឹងបំណិនសតវត្សទី២១ ការកែលម្អកម្មវិធីសិក្សា STEM ព្រមទាំងការផ្លាស់ប្តូរវិធីសាស្ត្របង្រៀនអំណានដំបូង និងគណិតវិទ្យាដំបូង (EGL/EGMA) ដោយប្រើប្រាស់គរុកោសល្យបែបរចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់អក្ខរកម្ម និងសមត្ថភាពសិក្សារបស់សិស្សនៅកម្រិតបឋមសិក្សាឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





