ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា ៖ការថែទាំសុខភាពកុមារគឺជាការកសាងអនាគតរបស់ជាតិ
AKP សៀមរាប ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- សមាគមគ្រូពេទ្យកុមារកម្ពុជាបានរៀបចំសន្និសីទស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្ត្រកុមារ លើកទី១០ ក្រោមប្រធានបទ វឌ្ឍនភាពក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំសុខភាពកុមារប្រកបដោយគុណភាព នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យជំនាញ និងអ្នកជំនាញជាតិ-អន្តរជាតិជាង៣៤០នាក់។

ថ្លែងបើកសន្និសីទនេះ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា «ការថែទាំសុខភាពកុមារ គឺជាការកសាងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ» ដោយឯកឧត្តមបានអំពាវនាវឱ្យគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងផ្តល់ផលប្រយោជន៍ និងសុវត្ថិភាពអ្នកជំងឺជាអាទិភាព។

ឯកឧត្តមក៏បានជំរុញឱ្យសមាគមគ្រូពេទ្យកុមារកម្ពុជា បន្តពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាសុខាភិបាលសម្រាប់កុមារនៅកម្ពុជា។ ដោយកុមារគ្រប់រូបទាំងអស់ ត្រូវទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងសមធម៌ ដោយមិនមានការរំខានក្នុងគ្រប់កាលៈទេសៈ។

ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកុមារកម្ពុជា បានបញ្ជាក់ថា សមាគមបានដើរតួនាទីយ៉ាងសកម្មក្នុងការ បណ្តុះបណ្តាល និងចែករំលែកចំណេះដឹងថ្មីៗ ដើម្បីពង្រឹងគុណភាពសេវាព្យាបាល និងថែទាំសុខភាពកុមារនៅទូទាំងប្រទេស។ ឯកឧត្តមសាស្ត្រាចារ្យរងបានបន្តថា សមាគមតែងតែបានចូលរួមជាប្រចាំក្នុងការរួមគ្នា ផ្តួចផ្តើមឱ្យមានការបណ្តុះបណ្តាលផ្សេងៗ ចែករំលែកចំណេះដឹង ធ្វើនវានុវត្តន៍ជំនាញដល់សមាជិក សមាជិកា ក៏ដូចជាដល់បុគ្គលិកនៅតាមមន្ទីរពេទ្យជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងដល់មន្ទីរពេទ្យឯកជន និងប្អូនៗនិស្សិតបន្តវេន។ កិច្ចការនេះបានផ្តល់នូវអត្ថប្រយោជន៍ធំធេង ដល់អ្នកចូលរួមទទួល បានចំណេះដឹង ដើម្បីអនុវត្តការងារតាមនិយាមប្រតិបត្តិ។ បន្ថែមពីនេះ សិក្ខាកាមអាចយកចំណេះដឹងដែលបានពីវគ្គសិក្សាផ្សេងៗ ទៅអនុវត្ត ការងារប្រចាំថ្ងៃដោយសុក្រិត្យភាព រួមនឹងការខិតខំអភិវឌ្ឍខ្លួនឯងផងដែរ តាមរយៈការស្រាវជ្រាវ រៀនសូត្រពីមិត្តភក្តិក្នុងនិងក្រៅប្រទេស បន្ថែមទៀតដើម្បីផ្តល់ជាប្រយោជន៍ធំធេងក្នុងការព្យាបាលអ្នកជំងឺ។
ឯកឧត្តមរំពឹងថា សន្និសីទលើកទី១០នេះនឹងរួមចំណែកជំរុញការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់គ្រូពេទ្យកុមារ និងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពកុមារនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការសុខភាពរបស់កុមារបានកាន់តែល្អប្រសើរ៕
ដោយ ឃុត សៅ





