ឯកអគ្គរាជទូត ចូលរួមពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតសមាគមជនជាតិកូរ៉េនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៣០ នៃការបង្កើតសមាគមជន ជាតិកូរ៉េនៅកម្ពុជា (១៩៩៦-២០២៦) នៅសណ្ឋាគារ Oakwood Premier Phnom Penh ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា រួមមាន ក្រសួង ព័ត៌មាន ក្រសួងបរិស្ថាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឥស្សរជនកូរ៉េ រួមមាន សមាជិកសភាកូរ៉េ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា តំណាងក្រុមហ៊ុន-វិនិយោគិនកូរ៉េមកពីក្រុមហ៊ុនប្រមាណ ៥០ ក្រុមហ៊ុន និងតំណាងសហគមន៍កូរ៉េក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថា ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការអប អរសាទរយ៉ាងកក់ក្តៅចំពោះខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមជនជាតិកូរ៉េនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគម ដែលបានដើរតួជាស្ពានដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ លើគ្រប់វិស័យ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងអំពីតួនាទីដ៏សំខាន់របស់បងប្អូនសហគមន៍ខ្មែរនៅកូរ៉េ ក្នុងការរឹតចំណងមិត្តភាព និងបំលាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ មានភាពកាន់តែជិតស្និត។

ឯកឧត្តមក៏បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍ ៣០ឆ្នាំនៃការកសាងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-កូរ៉េនឹងកាន់តែមានភាពរឹងមាំ និងរីកចំរើនកាន់តែខ្លាំង នាពេលអនាគត។ ឯកឧត្តមក៏បានគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ លើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

ដោយ៖ ប៊ុនរិទ្ធ





