រដ្ឋមន្ត្រីការបរទេសចិនអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិន «ជម្នះឧបសគ្គ» មុនពេលកិច្ចប្រជុំកំពូលប្រធានាធិបតី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយថា ប្រទេសរបស់លោក និងសហរដ្ឋអាមេរិកគួរតែយកឈ្នះលើឧបសគ្គនានារវាងប្រទេសទាំងពីរ មុនពេលកិច្ចប្រជុំកំពូលដែលរំពឹងទុកនៅខែក្រោយរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
លោក វ៉ាង យី បានជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនលោក ដេវីដ ភើឌូ កាលពីពេលថ្មីៗនេះ ហើយបានអំពាវនាវឱ្យភាគីទាំងពីរ«ផ្តោតទៅលើរបៀបវារៈវិជ្ជមាន ដែលគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវលុបបំបាត់ការជ្រៀតជ្រែក និងយកឈ្នះលើឧបសគ្គចំពោះការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ»។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋចិន CCTV កាលពីថ្ងៃព្រហស្បតិ៍។
លោកបានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយ CCTV ថា ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក «នៅតែប្រឈមមុខនឹងហានិភ័យ និងបញ្ហាប្រឈមផ្សេងៗ»។
លោក ត្រាំ និងលោក ស៊ី បានជួបគ្នាកាលពីខែឧសភានៅទីក្រុងប៉េកាំង ហើយបានសន្យាថានឹងរក្សាទំនាក់ទំនងឱ្យមានស្ថិរភាព និងរក្សាទំនាក់ទំនងពាណិជ្ជកម្ម។ លោក ត្រាំ បានអញ្ជើញលោក ស៊ី ទៅជួបប្រជុំគ្នានៅថ្ងៃទី២៤ ខែកញ្ញា នៅសហរដ្ឋអាមេរិក ប៉ុន្តែកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិកនិងចិនបានបន្តចាត់វិធានការសេដ្ឋកិច្ចដែលមានគោលដៅប្រឆាំងនឹងគ្នាទៅវិញទៅមក រួមទាំងសហរដ្ឋអាមេរិកហាមឃាត់មនុស្សយន្តដែលផលិតនៅប្រទេសចិន និងចិនហាមឃាត់អង្គភាពអាម៉េរិកដែលចូលរួមក្នុងពាណិជ្ជកម្ម និងសកម្មភាពផ្សេងទៀតនៅក្នុងប្រទេសចិន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





