គណ:កម្មការទន្លេមេគង្គ វាយតម្លៃបឋមអំពីស្ថានភាពនៃការបំពុលដោយលោហៈធ្ងន់នៅក្នុងអាងទន្លេមេគង្គក្រោម
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--កិច្ចប្រជុំលើកទី ៥៧ របស់ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងបរិស្ថាន របស់ គណ:កម្មការទន្លេមេគង្គ MRC ស្តីពីការបញ្ចប់របាយការណ៍វាយតម្លៃបឋមអំពីស្ថានភាពនៃការបំពុលដោយលោហៈធ្ងន់នៅក្នុងអាងទន្លេមេគង្គក្រោម (LMB)។ នេះបើតាមការឱ្យដឹងពី Mekong River Commission នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ។

ការព្រួយបារម្ភអំពីកម្រិតអាសេនិច (arsenic) ខ្ពស់ដែលត្រូវបានរកឃើញនៅទីតាំងមួយចំនួនក្នុងផ្នែកខាងលើនៃប្រព័ន្ធទន្លេមេគង្គនៅដើមឆ្នាំ២០២៥ បានបង្ហាញពីភាពចាំបាច់ក្នុងការធ្វើការវាយតម្លៃថ្នាក់តំបន់ដោយមានការសម្របសម្រួលគ្នាលើបញ្ហានៃការបំពុលដោយលោហៈធ្ងន់នៅទូទាំងអាងទន្លេមេគង្គក្រោម (LMB)។ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីរដ្ឋាភិបាលនៃចក្រភពអង់គ្លេស តាមរយៈការិយាល័យការបរទេស សហគមន៍ និងការអភិវឌ្ឍ (FCDO) លេខាធិការដ្ឋាន MRC បានអនុវត្តការវាយតម្លៃបឋមនេះចាប់ពី ខែមីនា ដល់ ខែសីហា ឆ្នាំ ២០២៦ ។ ការយកសំណាកត្រូវបានធ្វើឡើងចំនួនពីរជុំគឺនៅខែមីនា និងខែមេសា ឆ្នាំ ២០២៦ បន្ទាប់មកគឺការវិភាគសំណាកទឹកដែលប្រមូលបាននៅក្នុងមន្ទីរពិសោធន៍។លទ្ធផលនៃការសិក្សាត្រូវបានចងក្រងជារបាយការណ៍វាយតម្លៃបឋមមួយ ដែលត្រូវបានចែករំលែកជូនប្រទេសសមាជិក MRC ដើម្បីពិនិត្យ និងផ្តល់មតិយោបល់ តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិដែលបានធ្វើឡើងក្នុងខែកក្កដា ឆ្នាំ២០២៦។
មតិយោបល់ដែលទទួលបានពីប្រទេសសមាជិកត្រូវបានបញ្ចូលទៅក្នុងរបាយការណ៍ដែលបានកែសម្រួល។

នៅក្នុងកិច្ចប្រជុំ EGEM លើកទី ៥៧ របាយការណ៍ដែលបានកែសម្រួលត្រូវបានដាក់ជូនដើម្បីពិភាក្សាបន្ថែម និងបញ្ចប់ជាស្ថាពរ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសដល់ប្រទេសសមាជិកក្នុងការពិភាក្សាអំពីសំណើវិធានការបន្ត និងទិសដៅនាពេលអនាគត ដើម្បីពង្រឹងការតាមដាន និងការវាយតម្លៃលើលោហៈធ្ងន់នៅក្នុងអាងទន្លេមេគង្គក្រោម (LMB) ក្រៅពីការវាយតម្លៃដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេស។
ការវាយតម្លៃនេះផ្តល់នូវទិដ្ឋភាពទូទៅបឋមក្នុងកម្រិតតំបន់អំពីស្ថានភាព និងការចែកចាយនៃលោហៈធ្ងន់មួយចំនួន ដោយផ្អែកលើការយកសំណាកដែលបានធ្វើឡើងនៅក្នុងខែមីនា និងខែមេសា ឆ្នាំ២០២៦។ ការវាយតម្លៃនេះមិនមានគោលបំណងផ្តល់នូវការវាយតម្លៃរយៈពេលវែងលើនិន្នាការតាមពេលវេលានោះទេ ដោយសារការយកសំណាកត្រូវបានកំណត់ត្រឹមតែពីរជុំក្នុងរដូវប្រាំងប៉ុណ្ណោះ។

ទោះបីជាការវាយតម្លៃនេះត្រូវបានកំណត់ត្រឹមតែពីរជុំនៃការយកសំណាកក្នុងរដូវប្រាំង ដែលឆ្លុះបញ្ចាំងពីរយៈពេលអនុវត្តនៃគម្រោងដែលទទួលបានការគាំទ្រពីចក្រភពអង់គ្លេសក៏ដោយ ក៏លទ្ធផលដែលទទួលបានផ្តល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការលើកកម្ពស់ការតាមដាន ការវាយតម្លៃ និងការគ្រប់គ្រងគុណភាពទឹកនាពេលអនាគតនៅក្នុងអាងទន្លេមេគង្គ។

លទ្ធផលទាំងនេះ ក៏នឹងជួយផ្តល់ជាមូលដ្ឋានសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគត ក្នុងការអភិវឌ្ឍវិធីសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធ និងមានចក្ខុវិស័យរយៈពេលវែងជាងមុន សម្រាប់ការតាមដានកម្រិតលោហៈធ្ងន់ ស្ថិតក្រោមបណ្តាញតាមដានទន្លេស្នូលរបស់ MRC ៕
ដោយ៖ ណយ នឿន (ប្រភព៖Mekong River Commission)





