សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ជាគំរូទូតសភាថ្មីក្នុងការកសាងសន្តិភាពសកល និងការការពារច្បាប់អន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ -- «សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ» ដែលត្រូវបានអនុម័តនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ត្រូវបានប្រទេសជាសមាជិក និងសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ថាជា «ផែនទីចង្អុលផ្លូវ» ដ៏មានសារសំខាន់បំផុត ក្នុងការប្រែក្លាយការទូតសភាឱ្យទៅជាឧបករណ៍ជាក់ស្តែងសម្រាប់ដោះស្រាយជម្លោះ និងការពារសន្តិភាពសកល។

ក្នុងសេចក្តីថ្លែងការណ៍នេះ បានផ្តោតជាសំខាន់លើការប្រែក្លាយស្មារតីរួមឱ្យទៅជាសកម្មភាពជាក់ស្តែង រួមទាំងការស្នើបង្កើត «ក្រុមការងារសង្កេតការណ៍បទឈប់បាញ់នៃសភា» (Parliamentary Ceasefire Observer Team) ដើម្បីចុះសង្កេតការណ៍ផ្ទាល់ និងទប់ស្កាត់ជម្លោះតូចតាចមិនឱ្យរីករាលដាលជាសង្គ្រាមរ៉ាំរ៉ៃ។ ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់កម្លាំងបាយ ក្នុងការរំលោភបំពានអធិបតេយ្យភាព និងដែនដីនៃរដ្ឋនានា។

បន្ថែមពីលើការកសាងសន្តិភាព សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានគូសបញ្ជាក់ពីការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ដោយបានឆ្លើយតបយ៉ាងចំៗចំពោះការប្រឈមមុខផ្នែកនយោបាយភូមិសាស្ត្រ និងសង្គ្រាមបែបទំនើប ដែលរួមមាន ការប្រឆាំងនឹងការយកលេសបង្ក្រាបបទល្មើសឆ្លងដែន ឬបទល្មើសអនឡាញ ដើម្បីទន្ទ្រានអធិបតេយ្យភាពរដ្ឋផ្សេង ការទប់ស្កាត់សង្គ្រាមសេដ្ឋកិច្ច ការដាក់ទណ្ឌកម្មឯកតោភាគី និងសង្គ្រាមព័ត៌មានវិទ្យា ដែលកំពុងគំរាមកំហែងដល់ស្ថិរភាពតំបន់ និងសកលលោក។
សេចក្តីថ្លែងការណ៍នេះ បានបម្រើជាស្ពានភ្ជាប់រវាង «សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ» ដោយបានអំពាវនាវឱ្យការពារប្រព័ន្ធសេដ្ឋកិច្ចពហុភាគីនិយមពីសម្ពាធខាងក្រៅ និងគោលនយោបាយពាណិជ្ជកម្មរើសអើង ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការសភាអន្តរជាតិលើការប្រែប្រួលអាកាសធាតុ និងវិបត្តិថាមពល។
ជាមួយគ្នានេះ តម្លៃ និងទម្ងន់នៃសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ មិនមែនត្រឹមតែជាឯកសារនៅលើក្រដាសនោះទេ ប៉ុន្តែត្រូវបានទទួលស្គាល់ និងត្រៀមយកទៅអនុវត្តន៍បន្តដោយប្រទេសឥណ្ឌូណេស៊ី ដែលជាម្ចាស់ផ្ទះ ISC បន្ទាប់នាឆ្នាំ២០២៧។
តំណាងប្រតិភូនីតិប្បញ្ញត្តិឥណ្ឌូណេស៊ី បានបញ្ជាក់ថា សេចក្តីថ្លែងការណ៍នេះមានខ្លឹមសារគ្រប់ជ្រុងជ្រោយឆ្លើយតបនឹងតម្រូវការពិភពលោក ហើយឥណ្ឌូណេស៊ី នឹងប្រើប្រាស់ស្មារតីនេះជាមូលដ្ឋាន ក្នុងការបង្កើនឥទ្ធិពល និងពង្រីកសមាជិកចូលរួមឱ្យបានលើសពី ៥០ប្រទេស នៅអាណត្តិខាងមុខ៕
ដោយ៖ យា ចិន្តាខន្តី





