នាវាកងទ័ពជើងទឹកអង់គ្លេស១គ្រឿងបានចាកចេញពីមូលដ្ឋានសមុទ្ររាម បន្ទាប់ពីមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៨ថ្ងៃមកនោះ
AKP ព្រះសីហនុ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរង មូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូបបានអញ្ជើញជូនដំណើរនិវត្តន៍របស់នាវាកងទ័ពជើងទឹកអង់គ្លេស ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយជោគជ័យនៅផែលេខ២ នៃមូលដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

នាវាកងទ័ពជើងទឹកអង់គ្លេសចំនួន ០១គ្រឿង ដែលមានឈ្មោះ HMS TAMAR លេខP233 ជាប្រភេទនាវាល្បាត ដឹកនាំដោយលោកវរនាវីទោ TOM Lindsey មេបញ្ជាការនាវាប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានដឹកនាំនាវាចូលសំចតនៅកំពង់ផែ មូលដ្ឋានសមុទ្ររាមកាលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរអញ្ជើញបំពេញទស្សនកិច្ច ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា-អង់គ្លេស។

លក្ខណៈបច្ចេកទេសនាវា HMS TAMAR លេខP233 ៖
-មានបណ្ដោយ ៩០ម៉ែត្រ
-ទទឹង ១៣ម៉ែត្រ
-ជម្រៅទឹក ៤.៣ម៉ែត្រ
-ទម្ងន់ផ្ទុក ២ ០០០តោន
-កម្ពស់ ៣៣ម៉ែត្រ និងមាននាវិកសរុបចំនួន ៦១នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវា លោកវរនាវីទោ TOM Lindsey។

ក្នុងការស្នាក់នៅ និងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកចក្រភពអង់គ្លេសបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ ជួបថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន និងដំណើរទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រមទាំងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នាដូចជាកម្មវិធីសង្គ្រោះបឋម និងលេងកីឡាមិត្តភាពរវាងកងទ័ព ជើងទឹក នៃប្រទេសទាំងពីរប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាពជិតស្និទ្ធ ៕

ដោយ ងូ សុមុនី





