IRGC៖ ច្រកសមុទ្រហ័រមុសនឹងនៅតែបិទរហូតដល់សហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់(IRGC) បានប្រកាសកាលពីថ្ងៃពុធថា ច្រកសមុទ្រហ័រមុសនឹងនៅតែបិទរហូតដល់សហរដ្ឋអាមេរិកទទួលយកលក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ និងគោរពតាមអនុស្សរណៈយោគយល់គ្នាចំនួន ១៤ចំណុច ដែលបានចុះហត្ថលេខានៅទីក្រុងអ៊ីស្លាម៉ាបាដ កាលពីពាក់កណ្តាលខែមិថុនា។អ្នកនាំពាក្យ IRGC លោក ហូសសេន ម៉ូហ៊ីប៊ី បាននិយាយថា អ៊ីរ៉ង់រក្សាការគ្រប់គ្រងពេញលេញលើផ្លូវទឹកនេះ ដោយនាវាយោធាអរិភាពត្រូវបានរុញច្រានយ៉ាងហោចណាស់ ៤០០គីឡូម៉ែត្រ ហើយបានព្រមានថា គ្មាននាវាណាមួយអាចឆ្លងកាត់ដោយគ្មានការអនុញ្ញាតច្បាស់លាស់ពីទីក្រុងតេអេរ៉ង់ឡើយ។
ការប្រកាសនេះ កើតឡើងបើទោះបីជាមានវឌ្ឍនភាពថ្មីៗក្នុងកិច្ចចរចាទ្វេភាគីជាមួយប្រទេសអូម៉ង់ទាក់ទងនឹងសិទ្ធិឆ្លងកាត់ និងការចែករំលែកប្រាក់ចំណូលក៏ដោយ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្ការីបាបាឌី បានបញ្ជាក់ថា អ៊ីរ៉ង់ និងអូម៉ង់បានព្រមព្រៀងគ្នាលើផ្លូវឆ្លងកាត់បណ្ដោះអាសន្នដែលមានទទឹងប្រាំពីរម៉ាយ ប៉ុន្តែបានសង្កត់ធ្ងន់ថា វិធានការនេះមិនមែនជាការបើកច្រកសមុទ្រឡើងវិញទាំងស្រុងនោះទេ ហើយការបើកផ្លូវអចិន្ត្រៃយ៍អាស្រ័យលើការអនុលោមរបស់សហរដ្ឋអាមេរិក។
ទីក្រុងតេអេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានរារាំងដំណើរការសន្តិភាព និងបរាជ័យក្នុងការអនុវត្តការប្តេជ្ញាចិត្តសំខាន់ៗក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយកាតា និងប៉ាគីស្ថាន ដែលមានគោលបំណងបញ្ចប់អរិភាព។ មន្ត្រីអ៊ីរ៉ង់អះអាងថា ផ្លូវដឹកជញ្ជូនយុទ្ធសាស្ត្រនេះនឹងនៅតែបិទយ៉ាងតឹងរ៉ឹងក្រោមកាលៈទេសៈទាំងអស់ រហូតដល់សហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមអនុស្សរណៈនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





