យន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូងក្នុងរយៈខ្លី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ -- មន្ត្រីបាននិយាយកាលពីថ្ងៃពុធថា យន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង (KADIZ) ក្នុងរយៈខ្លីនៅពីលើដែនទឹកភាគខាងកើតរបស់ខ្លួនមុនពេលចាកចេញ ដែលជំរុញឱ្យយោធាកូរ៉េបញ្ជូនយន្តហោះចម្បាំងជាការឆ្លើយតប។
យោងតាមអគ្គសេនាធិការចម្រុះ (JCS) បានឱ្យដឹងថា យន្តហោះយោធារុស្ស៊ីបានចូលទៅក្នុងតំបន់ KADIZ នៅជិតកោះតូចៗភាគខាងកើតបំផុតរបស់ប្រទេសកូរ៉េខាងត្បូង គឺកោះដុកដូ និងកោះអ៊ុលលុង ដែលនៅក្បែរនោះកាលពីរសៀលថ្ងៃអង្គារ មុនពេលដកថយពីតំបន់ការពារដែនអាកាស។
JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោធាកូរ៉េខាងត្បូងបានរកឃើញយន្តហោះយោធារុស្ស៊ី មុនពេលពួកគេចូលទៅក្នុងតំបន់ការពារដែនអាកាស ហើយបានដាក់ពង្រាយយន្តហោះចម្បាំងរបស់កងទ័ពអាកាសដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតមាន»។ JCS បានបន្ថែមថា យន្តហោះនេះមិនបានរំលោភលើដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូងនោះទេ។
តំបន់ការពារដែនអាកាសនេះមិនមែនជាដែនអាកាសទឹកដីទេ ប៉ុន្តែត្រូវបានកំណត់ដើម្បីអំពាវនាវឱ្យយន្តហោះបរទេសកំណត់អត្តសញ្ញាណខ្លួនឯងដើម្បីការពារការប៉ះទង្គិចគ្នាដោយចៃដន្យ។
JCS បានសម្គាល់ឧប្បត្តិហេតុចុងក្រោយបំផុតបែបនេះ បន្ទាប់ពីយន្តហោះយោធាចិន និងរុស្ស៊ីជិត ១០គ្រឿងបានចូល និងចាកចេញពីតំបន់KADIZ ក្នុងរយៈខ្លីនៅពីលើដែនទឹកភាគខាងកើត និងខាងត្បូងរបស់ប្រទេសកាលពីចុងខែមិថុនា។
ក្រសួងការពារជាតិបានដាក់ពាក្យបណ្តឹងយ៉ាងខ្លាំងជាមួយប្រទេសចិននិងរុស្ស៊ី ជុំវិញការចូលដោយគ្មានការអនុញ្ញាតនៅពេលនោះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





