រដ្ឋសភាកម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីជំរុញគម្រោងទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ២០ពាន់លានដុល្លារអាមេរិក សម្រេចបានក្នុងពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦--ប្រធានរដ្ឋសភាកម្ពុជានិងវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីជំរុញគម្រោងទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ២០ពាន់លានដុល្លារអាមេរិក សម្រេចបានក្នុងពេលខាងមុខ។

សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៃទំនាក់ទំនងរដ្ឋសភាប្រទេសទាំងពីរ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យទិសដៅរដ្ឋាភិបាលកម្ពុជា-វៀតណាម ដាក់ចេញ ២០ពាន់លានដុល្លារអាមេរិក សម្រេចបាន ក្នុងពេលខាងមុខនេះ។

ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម នៅវិមានរដ្ឋសភា ក្នុងពេលដែលលោកជំទាវដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម កែវ ពិសិដ្ឋនាយកខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឱ្យដឹងថានៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះវត្តមានគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដែលបានអញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នាឱកាសនេះ។

សម្តេចបានគូសបញ្ជាក់ថា ការជួបជុំគ្នាដ៏ធំជាប្រវត្តិសាស្ត្រ ISC លើកទី២ មានសភាជាង ២០ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៨ ចូលរួម បានញ៉ាំងឱ្យវេទិកានេះក្លាយជាវេទិកាមួយដ៏ធំ បានបង្ហាញច្បាស់ពីការស្រលាញ់សន្តិភាព លើកកម្ពស់ការគោរពច្បាប់ និងពហុភាគីនិយមដោយបើកចំហ និងបរិយាបន្ន។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរីករាយជាខ្លាំងដែលបានជួប លោកជំទាវអនុប្រធានរដ្ឋសភាវៀតណាម ជាថ្មីម្តងទៀត ក្រោយពីជំនួបប្រកបដោយលទ្ធផលផ្លែផ្កានៅរដ្ឋធានីហាណូយ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេច នៅប្រទេសវៀតណាម កាលពីចុងខែកក្កដាកន្លងទៅថ្មីៗនេះ។
សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីជូន ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម លោកជំទាវអនុប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាវៀតណាមទាំងមូល ដែលបានផ្តល់នូវការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ស្និទ្ធស្នាល និងកក់ក្តៅបំផុតជូនដល់គណៈប្រតិភូរដ្ឋសភាកម្ពុជា។ ដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសវៀតណាមបានទទួលលទ្ធផលជាទីមោទនៈ ក្នុងការបម្រើឧត្តមប្រយោជន៍នៃពលរដ្ឋទាំងសងខាង។

ក្នុងឱកាសនោះដែរលោកជំទាវ ង្វៀន ធី ថាញ់ បានបង្ហាញក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍គណៈប្រតិភូវៀតណាមប្រកបដោយភាពកក់ក្តៅជាទីបំផុត។ លោកជំទាវបានអបអរសាទរចំពោះការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា និងបានអបអរសាទរចំពោះការធ្វើជាម្ចាស់ផ្ទះ ISC-2 របស់សភាកម្ពុជា ដែលបានលើកកម្ពស់កិត្យានុភាព និងតួនាទីកម្ពុជានៅលើឆាកអន្តរជាតិ។
លោកជំទាវមានជំនឿមុតមាំថា វេទិកាដែលជាការប្រមូលផ្តុំថ្នាក់ដឹកនាំសភានៅក្នុងតំបន់និងអន្តរជាតិ នឹងទទួលបានជោគជ័យជាក់ជាមិនខាន នៅក្នុងការប្រែក្លាយទ្រឹស្តីទៅជាការអនុវត្តជាក់ស្តែង ចេញជាលទ្ធផលពិតប្រាកដបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានអបអរសាទរ និងគាំទ្រចំពោះចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជានិងវៀតណាម ដែលបានប្តេជ្ញាចិត្តក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងពេលខាងមុខ។ នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរបានកើនឡើងរហូតដល់ ១១.៣៣ពាន់លានដុល្លារអាមេរិក ដោយឡែកនៅឆ្នាំ២០២៦ នេះ មានការរំពឹងថានឹងកើនឡើងរហូតដល់ជាង ១២ពាន់លានដុល្លារអាមេរិក។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានរំលឹកនូវលទ្ធផលត្រចះត្រចង់នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម កាលពីចុងខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងការពង្រឹងពង្រីកការងារការទូតសភា ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាជំរុញវិស័យពាណិជ្ជកម្ម សុខាភិបាល ទេសចរណ៍ អប់រំ សន្តិសុខ បច្ចេកវិទ្យាព័ត៌មាន នវានុវត្តន៍ និងការឯកភាពគ្នានៅក្នុងការកែសម្រួលអនុស្សរណៈនៃការយោគ យល់គ្នា (MoU) រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០២២ ឱ្យសមស្របតាមសភាពការណ៍ជាក់ស្តែង។
ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ង្វៀន ធី ថាញ់ ក៏បានឯកភាពគ្នាក្នុងការពង្រឹងបន្ថែមចំពោះកិច្ចសហប្រតិបត្តិការរវាងគ្នានៅគ្រប់កម្រិត ទាំងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី មានដូចជា ក្នុងក្របខ័ណ្ឌក្រុមមិត្តភាព គណៈកម្មការជំនាញ ក្រុមសមាជិកសភាជាស្ត្រី សមាជិកសភាវ័យក្មេង ក៏ដូចជាកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្នុងជំនួបរដ្ឋសភាប្រទេសទាំងពីរនឹងបន្តគាំទ្រគ្នានៅលើវេទិកាអន្តរសភាឱ្យកាន់តែសកម្មបន្ថែមទៀត ដោយយកពលរដ្ឋជាស្នូល៕
ដោយ៖ ប៊ុនរិទ្ធ





