រដ្ឋបាលខេត្តកណ្ដាលបើកកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពគម្រោងឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ឆ្នាំ២០២៦
AKP កណ្ដាល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកាគាំទ្រដំណើរការកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានគម្រោងឃុំ សង្កាត់ ក្រុង ស្រុក និងខេត្ត ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល។

លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិកា ព្រមទាំងការងារគាំទ្រនានាដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់។ ជាពិសេស គឺដើម្បីសិក្សាស្វែងយល់ពីបញ្ហាប្រឈម និងផលវិបាក ក្នុងការអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន សំដៅរួមគ្នាពិភាក្សាដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីឱ្យការងារបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព និងរលូនជាងមុន។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីទីចាត់ការវិនិយោគខេត្ត ទីចាត់ការហិរញ្ញវត្ថុ និងគណនេយ្យខេត្ត មន្ទីរផែនការខេត្ត និងរដ្ឋបាលក្រុង-ស្រុក ទាំង១៣ ក្នុងខេត្តកណ្ដាល៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តខេត្តកណ្តាល)





