អាជ្ញាធរខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំពិនិត្យការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល
AKP កំពង់ឆ្នាំង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យការរៀបចំផែនការលើកកម្ពស់វិស័យអប់រំ និងសុខាភិបាល នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក ម៉ឹង វុធី បានមានប្រសាសន៍ថា សុខភាពជាគំនិតផ្តួចផ្តើមថ្មីមួយដែលជានវានុវត្តន៍ក្នុងការលើកកម្ពស់ការសិក្សាតាមប្រព័ន្ធឌីជីថល និងជាជំនួយស្មារតីដល់យុវជនទាំងក្នុង និងក្រៅសាលារៀនមានឱកាសទទួលបានព័ត៌មានពិតបែបវិទ្យាសាស្រ្តឆ្លើយតបទៅនឹងសេចក្តីចង់ចេះចង់ដឹងរបស់យុវជន។ ថ្នាក់ដឹកនាំក្រសួងមន្ទីរអប់រំ យុវជន និងកីឡាគ្រប់លំដាប់ថ្នាក់ត្រូវមានឆន្ទៈចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងទ្វេភាគី និងពហុភាគី ជាអាទិ៍ ការចូលរួមគាំទ្រពីអង្គការនានា និងអង្គការដៃគូជាច្រើនទៀតជាពិសេសបានពីការកៀរគររបស់គ្រឹះស្ថានសិក្សាផ្ទាល់ និងជាមួយសប្បុរសជនជិតឆ្ងាយផងដែរ។

ទន្ទឹមនឹងនេះ លោកបានបន្តទៀតថា ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈការជំរុញការវិនិយោគលើវិស័យសុខាភិបាលនិងការអប់រំ ជួយបង្កើតការងារ និងការការពារជីវភាពរស់នៅរបស់ក្រុមគ្រួសារដែលងាយរងគ្រោះ រួមទាំងការពង្រឹងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ។ ដូច្នេះគុណភាព អប់រំ សោភ័ណ្ឌភាព អនាម័យ សុខុមាភាពកុមារតូច និងសេវាកម្មសុខាភិបាលត្រូវតែពង្រឹងធនធានមនុស្សលើគុណភាព។

លោកអភិបាលរងបានរំលឹកទៀតថា ការលើកកម្ពស់សុខភាព និងការអភិវឌ្ឍយុវជនគឺជាកត្តាដ៏សំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកដល់ការធានាបាននូវការអភិវឌ្ឍធនធានមនុស្ស ហើយបន្ទប់សុខភាពនៅតាមគ្រឹះស្ថានសិក្សាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់អ្នកសិក្សា និងបុគ្គលិកអប់រំមកទទួលសេវាថែទាំសុខភាពបឋម។ នៅតាមគ្រឹះស្ថានសិក្សាក៏ជាកន្លែងផ្តល់ប្រឹក្សាសុខភាពផ្លូវកាយ ផ្លូវចិត្ត សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងជាកន្លែងផ្តល់ព័ត៌មានពីការអប់រំសុខភាពផងដែរ៕
ដោយ បៃ ស៊ីថុន





