ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តលើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកផ្នែកស្ត្រី និងកុមារ តាមដាន និងគាំទ្រការប្រើប្រាស់សេវាកម្មប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់
AKP កំពង់ធំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦--លោកជំទាវ ស៊ឹម សុវណ្ណរិទ្ធី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ធំ (គកសក) លើកទឹកចិត្តដល់ក្រុមការងារទទួលបន្ទុកផ្នែកស្ត្រីនិងកុមារព្រមទាំងមន្ត្រីពាក់ព័ន្ធតាមអង្គភាពទាំងអស់បង្កើនការយកចិត្តទុកដាក់គាំទ្រដល់ស្រ្តី និងកុមារពិសេសអ្នកដែលមានបណ្ណសមធម៌ អ្នកបម្រើសេវាកម្មក្រៅប្រព័ន្ធកុមារងាយរងគ្រោះ មនុស្សចាស់ដើម្បីឱ្យពួកគាត់ទទួលបាននូវការគាំពារ ការយកចិត្តទុកដាក់ដោយមិនមានការរើសអើងឬសកម្មភាពណាមួយដែលប៉ះពាល់ដល់សតិអារម្មណ៍បានឡើយ។ លោកជំទាវថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញរបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ធំ។

លោកជំទាវបានលើកឡើងថា កិច្ចការនេះមានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ និងការពារដល់មនុស្សគ្រប់វ័យ មនុស្សចាស់ ស្ត្រីនិងកុមារ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ ព្រមទាំងទទួលបាននូវការបំរើសេវាកម្មប្រកបដោយតម្លាភាព និងមិនមានការរើសអើង។

លោកជំទាវបន្តទៀតថា ដើម្បីឱ្យការអនុវត្តកិច្ចការនេះបានជោគជ័យលុះត្រាតែមន្ទីរជំនាញទទួលបន្ទុកអន្តរវិស័យខិតខំយកចិត្តទុកដាក់ និងតាមដានសកម្មភាពអនុវត្តឱ្យបានល្អិតល្អន់នៅតាមបណ្តាក្រុងស្រុក ពិសេសឃុំសង្កាត់ផ្ទាល់ដែលជាអ្នកធ្វើកិច្ចការនេះ ចៀសវាងភាពខ្វះចន្លោះ និងអសកម្មណាមួយដែលប៉ះពាល់ដល់សតិអារម្មណ៍ និងការខាតបង់អត្ថប្រយោជន៍ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ពួកគាត់។

ទន្ទឹមនឹងនេះ លោកជំទាវបានថ្លែងអំណរអរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមបញ្ចេញមតិយោបល់ និងចែករំលែកព័ត៌មានដើម្បីរកដំណោះស្រាយ ឬយន្តការសមស្របឆ្ពោះទៅរកផ្លែផ្កាជាវិជ្ជមាន និងជំរុញឱ្យពួកគាត់ទទួលបានភាពស៊ាំ និងទទួលបានផលពីកិច្ចការសេវាកម្មនេះ៕
ដោយ ស៊ុម វណ្ណា





