ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន (China EXIM Bank - CEXIM)
AKPភ្នំពេញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូជាន់ខ្ពស់ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន (China EXIM Bank - CEXIM) ដឹកនាំដោយ លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃ CEXIM អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានានៅកម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការជាមួយគណៈប្រតិភូជាន់ខ្ពស់ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន (China EXIM Bank - CEXIM) ដឹកនាំដោយ លោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃ CEXIM អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការជំរុញការអភិវឌ្ឍលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនានានៅកម្ពុជា។ សមាសភាពអញ្ជើញចូលរួមអម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបនេះរួមមាន ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃ ក.អ.ក., ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការនិងដឹកជញ្ជូន, ព្រមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក.អ.ក. និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

ក្នុងបរិយាកាសនៃជំនួបប្រកបដោយភាពស្និទ្ធស្នាល ទំនុកចិត្ត និងមិត្តភាពជាយុទ្ធសាស្ត្រ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកដោយក្តីរីករាយ និងអំណរគុណចំពោះមិត្តភាពយ៉ាងជិតស្និទ្ធជាមួយភាគីចិនដែលជា «មិត្តដែកថែប» តែងតែផ្តល់ការគាំទ្រយ៉ាងសកម្ម និងទាន់ពេលវេលាក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗនៅកម្ពុជា នាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពការងារនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ និងបានបង្ហាញអំពីចក្ខុវិស័យក្នុងការអភិវឌ្ឍរបៀងសេដ្ឋកិច្ចអមសងខាងគម្រោងនេះ និងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យដឹកជញ្ជូន ភស្តុភារកម្ម ព្រមទាំងការគិតគូរខ្ពស់ដល់បរិស្ថាននិងប្រព័ន្ធជីវៈចម្រុះ ដើម្បីទាញយកប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែកនេះផងដែរ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីបេសកកម្មផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ នៅទីក្រុង Xiamen និងទីក្រុង Shenzhen សាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងផ្តល់ការគាំទ្រលើគំនិតផ្តួចផ្តើមដែលបានលើកឡើងដោយ លោកប្រធានក្រុមប្រឹក្សាភិបាល ក្នុងការរៀបចំឱ្យមាននូវវេទិកាផ្សព្វផ្សាយនិងទាក់ទាញការវិនិយោគរួមគ្នា ដើម្បីទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនអភិវឌ្ឍក្នុងតំបន់របៀងសេដ្ឋកិច្ច អមសងខាងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ផងដែរ។ ស្របពេលដែលបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជាត្រូវបានវាយតម្លៃថាមានភាពទាក់ទាញនិងអំណោយផលខ្ពស់ ដោយស្ថាប័នសារព័ត៌មានរបស់អាម៉េរិក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគជាបន្តបន្ទាប់ដើម្បីធ្វើឱ្យកម្ពុជា ជាគោលដៅវិនិយោគមួយដែលមានភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់អាស៊ាន នាពេលខាងមុខ។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាល បានរំលឹកដោយក្តីរីករាយអំពីជំនួបនិងកិច្ចសន្ទនាជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កាលពីឆ្នាំកន្លងទៅនៅទីក្រុង Xiamen និងបានសម្តែងនូវការចាប់អារម្មណ៍ជាថ្មីម្តងទៀតចំពោះ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ បន្ទាប់ពីបានសិក្សាស្វែងយល់យ៉ាងលម្អិត និងបានឃើញនូវវឌ្ឍនភាពការងារដែលកំពុងអនុវត្ត។ លោកប្រធានក្រុមប្រឹក្សាភិបាល បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងចិន កាន់តែមានភាពរឹងមាំ និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមិត្តភាពពិតប្រាកដ និងការប្តេជ្ញាចិត្តនយោបាយខ្ពស់ពីរាជរដ្ឋាភិបាលទាំងទ្វេ។ លោកបានបន្ថែមថា ក្រោមចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំកំពូល ភាគីទាំងពីរកម្ពុជា-ចិន មានកាតព្វកិច្ចរួមគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។
បន្ថែមពីនេះ លោកប្រធានក្រុមប្រឹក្សាភិបាល បានជម្រាបជូនដែរថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ធនាគារនីហរ័ណ-អាហរ័ណនៃប្រទេសចិន បានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាដៃគូ រួមទាំងប្រទេសកម្ពុជាផងដែរ។ លោកក៏បានសម្តែងនូវភាពភ្ញាក់ផ្អើល និងការកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា ភ្លាមៗបន្ទាប់ពីបានធ្វើដំណើរមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានចែករំលែកនូវចំនុចដែលគួរឱ្យទាក់ទាញពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា ស្ថិរភាពនយោបាយក្នុងប្រទេស លំនឹងម៉ាក្រូសេដ្ឋកិច្ច បូករួមជាមួយនឹងទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជានិងចិន គឺជាកត្តាស្នូលក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្រោមបរិយាកាសយោគយល់គ្នា ទំនុកចិត្តខ្ពស់ និងការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ៕
ដោយ៖ ចរិយា ប្រភព៖ CDC





