សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចរទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខ ហើយសម្ដេចក៏បានបញ្ជាក់ផងដែរថា កម្ពុជា ក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួម ដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តម Andrey RUDENKO ក្នុងដំណើរទស្សនកិច្ចមកកាន់កម្ពុជា នៅពេលនេះ ហើយសម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា នេះ គឺជាផ្នែកនៃការញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ឱ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀត។ សម្ដេចតេជោក៏បានរំលេចថា ឆ្នាំនេះទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី បានឈានមកដល់ខួប៧០ឆ្នាំហើយ ដែលបង្ហាញអំពីទំនាក់ទំនងដ៏មាន វ័យចំណាស់មួយរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តម Andrey RUDENKO បានសរសើរចំពោះសម្ដេចតេជោ និងបានលើកឡើងថា សម្ដេចតេជោគឺជាមេដឹកនាំមួយរូបដែលប្រជាជនរុស្ស៊ីបានស្គាល់ ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និង រុស្ស៊ី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បន្ថែមពីលើនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោ ពីការពង្រឹងនូវពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឲ្យមានការកើនឡើង។


សម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍ និងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីជុំវិញទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ សម្ដេចបានស្វាគមន៍បន្ថែមទៀតចំពោះការពិភាក្សារវាងឯកឧត្តមជាមួយនឹងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយផ្ដោតទៅលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលសម្ដេចបានចាត់ទុកថា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនេះ គឺជាចំណុចស្នូរបន្ថែមទៀតនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី។ បន្ថែមពីលើនេះ សម្ដេចតេជោក៏បានរំលេចអំពីប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេសគឺតួនាទីរបស់សម្ដេចផ្ទាល់ដែលបានពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយរុស្ស៊ី តាំងពីសម្ដេចតេជោនៅជារដ្ឋមន្ត្រីការបរទេស រហូតដល់សម្ដេចធ្វើជានាយករដ្ឋមន្ត្រី ដែលបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាច្រើនលើក និងបានធ្វើកិច្ចការងារជាមួយមេដឹកនាំរុស្ស៊ី ជាច្រើនកន្លងមក។ សម្ដេចតេជោក៏បានអរគុណចំពោះរដ្ឋាភិបាលរុស្ស៊ីដែលតែងតែជួយជ្រោមជ្រែងដល់កម្ពុជា ជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា។
ជាមួយគ្នានេះឯកឧត្តម Andrey RUDENKO ក៏បានលើកឡើងពីការរង់ចាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។ ឯកឧត្តមបានលើកឡើងថា ថ្នាក់ដឹកនាំរបស់រុស្ស៊ី ឯកឧត្តម វ្លាឌីមៀ ពូទីន កំពុងតែរង់ចាំវត្តមានរបស់សម្ដេចតេជោក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នៅពេលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប សម្ដេចតេជោក៏បានលើកឡើងថា នៅពេលនេះ សម្ដេចកំពុងតែពិនិត្យមើលពីកាលបរិច្ឆេទ ដើម្បីកំណត់នូវដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលខាងមុខ។ សម្ដេចតេជោក៏សូមបញ្ជាក់ផងដែរថា កម្ពុជា ក៏ត្រៀមទទួលដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរុស្ស៊ីរួបរួមផងដែរ ដែលឯកឧត្តមដែលគ្រោងនឹងអញ្ជើញមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ ជឹម ណារី





