ឯកឧត្តមកិត្តិ គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ
AKP ភ្នំពេញថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦– ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋ ក្នុងភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ជុំវិញស្ថានភាពទឹកបានលិចចូលដល់ក្រោមផ្ទះប្រជាពលរដ្ឋ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋានត្រូវតាមដានពីស្ថានភាពកម្ពស់ឱ្យបានជាប្រចាំ ដើម្បីមានការត្រៀមលក្ខណៈឆ្លើយតប ប្រសិនកម្ពស់ទឹកទន្លេមេគង្គបន្តកើនឡើង។

បើទោះបី ប្រជាពលរដ្ឋភាគច្រើននៅតាមដងទន្លេ មិនទាន់មានការជម្លៀស ឯកឧត្តម កិត្តិសង្គហបណ្ឌិត បានបញ្ជាដល់រដ្ឋបាលខេត្ត ដែលជាលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវត្រៀមបម្រុងគ្រប់តម្រូវការចាំបាច់ និងទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីអន្តរាគមន៍ និងរៀបចំជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។


យោងតាមរបាយការណ៍ ក្នុងខេត្តក្រចេះ បញ្ជាក់ថា ទឹកជំនន់បណ្តាលមកពីទឹកទន្លេមេគង្គកើនឡើង បានប៉ះពាល់ក្រុង-ស្រុកចំនួន ៦ រួមមាន ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ ស្រុកសំបូរ ក្រុងក្រចេះ ស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ។ ក្នុងនោះ ប្រជាពលរដ្ឋរងផលប៉ះពាល់ចំនួន ៨ ២១០គ្រួសារ និងជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ១០១ គ្រួសារ ៕


ដោយ៖ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





