៧២ ទូកុងតឺន័រ ៥,៣៨៦នាក់មិនអាចត្រឡប់ទៅផ្ទះ៖ ភស្តុតាងនៅលើដីនៃការឈ្លានពាន និង fait accompli នៅព្រំដែនរបស់យោធាថៃមកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦–យោងតាមសំណេរនៅលើបណ្ដាញសង្គម នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ការឈ្លានពានមិនចាំបាច់ទាល់តែមានការផ្ទុះអាវុធ ឮស្នូរកាំភ្លើងរាល់ថ្ងៃនោះទេ សូម្បីតែនៅពេលកម្លាំងយោធាប្រើទូកុងតឺន័រ របាំង លួសបន្លា ការដាក់ទង់ជាតិ ឬសំណង់ផ្សេងៗ ដើម្បីរក្សាការគ្រប់គ្រងជាក់ស្តែងលើដី និងរារាំងប្រជាពលរដ្ឋមិនឱ្យត្រឡប់ទៅលំនៅឋានរបស់ខ្លួន គឺជាសកម្មភាពឈ្លាពាន និងបានក្លាយជាការប៉ុនប៉ងបង្កើត fait accompli ពោលគឺបង្កើតស្ថានភាពថ្មីនៅលើដី ហើយអូសបន្លាយពេលវេលាឱ្យស្ថានភាពនោះមើលទៅដូចជារឿងធម្មតា។
ប៉ុន្តែ ការកាន់កាប់ជាក់ស្តែងនេះមិនមានតម្លៃផ្លូវច្បាប់ ស្មើនឹងអធិបតេយ្យភាពស្របច្បាប់ឡើយ។ ទូកុងតឺន័រមិនអាចគូសខ្សែព្រំដែនថ្មីបាន។ លួសបន្លាមិនអាចកែប្រែផែនទីបាន។ ហើយវត្តមានកម្លាំងយោធាមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានឡើយ។ កម្ពុជាបានបញ្ជាក់គោលជំហរយ៉ាងច្បាស់លាស់បំផុតគឺមិនទទួលស្គាល់នូវខ្សែបន្ទាត់ព្រំដែនដែលកែប្រែដោយប្រើកម្លាំងឡើយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ស្ថានភាពនៅខេត្តបន្ទាយមានជ័យបានធ្វើឱ្យបញ្ហានេះកាន់តែជាក់ស្តែង ខណៈ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team-AOT) បានចុះទៅសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ព្រមទាំងពិនិត្យទីតាំងដែលមានការដាក់ពង្រាយទូកុងតឺន័ររបស់យោធាថៃ។
នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមអ្នកសង្កេតការណ៍បានចុះពិនិត្យ ៥ទីតាំង ដែលមានទូកុងតឺន័រសរុប ៦២ទូ។ ប្រជាពលរដ្ឋកម្ពុជាចំនួន ៣,៩៥១នាក់ ស្មើនឹង១,០៤៥គ្រួសារ ក្នុងនោះមានកុមារ១,១៥៥នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេបាន។
នៅតំបន់ភូមិព្រៃចាន់ AOT បានចុះពិនិត្យ ៥ទីតាំង ផ្សេងទៀត ដែលមានទូកុងតឺន័រ ១០ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ១,៤៣៥នាក់ ស្មើនឹង៤០៤គ្រួសារ ក្នុងនោះមានកុមារ៤១៤នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះបាន។
បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន សរុប គ្រាន់តែនៅតំបន់ទាំងពីរភូមិនេះ មានទូកុងតឺន័រចំនួន ៧២ទូ នៅ ១០ ទីតាំង និងប្រជាពលរដ្ឋកម្ពុជាចំនួន ៥,៣៨៦នាក់ ស្មើនឹង១,៤៤៩គ្រួសារ ក្នុងនោះមានកុមារ១,៥៦៩នាក់ ដែលនៅតែមិនទាន់អាចត្រឡប់ទៅលំនៅឋានរបស់ពួកគេ។
ជនភៀសសឹកសរុបនៅអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃនៅខែធ្នូ ឆ្នាំ២០២៥ មានប្រមាណ ៦៥០ ០០០ នាក់ ហើយរហូតមកដល់ពេលនេះ មានជនភៀសសឹកចំនួន ២០០០០ នាក់មោនទាន់បានវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញ ដោយរស់នៅក្នុងជម្រកបណ្តោះអាសន្ន និងតំបន់ជនភៀសសឹកនៅក្នុងខេត្តចំនួន ៤ គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។
តួលេខទាំងនេះនាំទៅរកសំណួរមួយដែលមិនអាចគេចវេះបាន៖ នៅពេលកាំភ្លើងស្ងប់ហើយ ប៉ុន្តែម្ចាស់ផ្ទះរាប់ពាន់នាក់នៅតែមិនអាចត្រឡប់ទៅផ្ទះ តើយើងអាចហៅស្ថានភាពនោះថាជាសន្តិភាពពិតប្រាកដបានដែរឬទេ?

ពី AOT ដល់អង្គការសហប្រជាជាតិ៖ សាក្សីអន្តរជាតិលើស្ថានភាពនៅលើដី
សារៈសំខាន់នៃ AOT គឺធ្វើឱ្យស្ថានភាពមិនស្ថិតត្រឹមការអះអាងរបស់ភាគីណាមួយ។ ទីតាំងអាចត្រូវបានកំណត់ ទូកុងតឺន័រអាចត្រូវបានរាប់ របាំងអាចត្រូវបានកត់ត្រា ហើយផលប៉ះពាល់លើប្រជាពលរដ្ឋអាចត្រូវបានសង្កេត។
ជាមួយគ្នានេះ លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក៏បានចុះទៅតំបន់ព្រំដែន និងជួបប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីដោយសារជម្លោះ។
លោកបានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០,០០០នាក់ ដែលត្រូវបានផ្លាស់ទីនៅចុងឆ្នាំ២០២៥ មានជាង ២០,០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះ។ លោកក៏បានរាយការណ៍ពីប្រជាពលរដ្ឋដែលប្រាប់លោកថា ពួកគេមិនអាចត្រឡប់ទៅផ្ទះបាន ដោយសារភូមិ និងទីប្រជុំជនរបស់ពួកគេត្រូវបានកាន់កាប់ដោយទាហានថៃ។
សំខាន់ជាងនេះ លោក Andrews បានសង្កត់ធ្ងន់ថា អ្នកដែលត្រូវបានផ្លាស់ទីដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។ សាររបស់លោកមានភាពសាមញ្ញ ប៉ុន្តែមានទម្ងន់៖ «ពួកគេត្រូវការ និងសមនឹងបានត្រឡប់ទៅផ្ទះ»។

ដូច្នេះ អ្វីដែលកំពុងកើតមាន មិនអាចត្រូវបានកាត់បន្ថយទៅជាសង្គ្រាមពាក្យសម្តីរវាងកម្ពុជា និងថៃបានឡើយ។ នៅពេលមានទាំង AOT ចុះទៅទីតាំង និងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិចុះជួបជនរងផលប៉ះពាល់ ស្ថានភាពនេះក្លាយជាបញ្ហាដែលមានទាំងទំហំវិបត្តិមនុស្សធម៌ បញ្ហាព្រំដែន ការរំលោភសិទ្ធិមនុស្សពីយោធាថៃមកលើពលរដ្ឋកម្ពុជា និងការគោរពច្បាប់អន្តរជាតិនានា។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរសង្កត់ធ្ងន់ថា «បទឈប់បាញ់ត្រូវបញ្ឈប់ fait accompli ផងដែរ»។
បទឈប់បាញ់មិនមែនគ្រាន់តែមានន័យថាបញ្ឈប់ការបាញ់គ្នានោះទេ។ វាត្រូវទប់ស្កាត់សកម្មភាពដែលធ្វើឱ្យស្ថានភាពនៅលើដីកាន់តែធ្ងន់ធ្ងរ និងបើកផ្លូវឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរកជីវភាពធម្មតាវិញ។
ហេតុនេះ ស្នូរកាំភ្លើងឈប់ សកម្មភាពបង្កើត fait accompli ក៏ត្រូវឈប់ដែរ។ មិនគួរមានការប្រើភាពស្ងប់ស្ងាត់ក្រោយការប្រយុទ្ធ ដើម្បីដាក់ទូកុងតឺន័រ លួសបន្លា សាងសង់ផ្លូវ ឬបង្កើតស្ថានភាពថ្មីនៅលើដី ហើយបន្ទាប់មកយកស្ថានភាពដែលបានបង្កើតនោះមកធ្វើជាមូលដ្ឋាននៃការទាមទារឡើយ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងបន្តថា ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងផ្សេងៗឡើយ។ វត្តមានកម្លាំងយោធាថៃមិនអាចស្ថិតនៅលើច្បាប់ ឬនៅពីលើកាតព្វកិច្ចអន្តរជាតិបានឡើយ។ កម្លាំងយោធាថៃមិនមានសិទ្ធិធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ។ ការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនអាចបញ្ជាក់ថាខ្លួនមានសិទ្ធិជាម្ចាស់អធិបតេយ្យភាពលើទឹកដីនោះឡើយ ហើយ fait accompli មិនអាចជំនួសច្បាប់បានឡើយ។
នៅទីបញ្ចប់ សាក្សីដ៏មានទម្ងន់បំផុតមិនមែនមានតែទូកុងតឺន័រ៧២ទូនោះទេ។ សាក្សីគឺ ផ្ទះដែលម្ចាស់មិនអាចត្រឡប់ទៅរស់នៅ កុមារ១,៥៦៩នាក់ដែលជីវិតប្រចាំថ្ងៃត្រូវបានរំខាន និងប្រជាពលរដ្ឋ៥,៣៨៦នាក់ដែលនៅតែរង់ចាំថ្ងៃវិលត្រឡប់ទៅផ្ទះនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ។ នៅមានពលរដ្ឋភៀសសឹកនភតំបន់ផ្សេងទៀតដែលមិនអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបាន ហើយផ្ទះសម្បែងរបស់ពួកគេ ក៏ត្រូវបានយោធាថៃកម្ទេចចោល និងលួចយកទ្រព្យសម្បត្តិអស់។


ស្នូរកាំភ្លើងបានស្ងប់ហើយ ប៉ុន្តែបើម្ចាស់ផ្ទះនៅតែមិនអាចត្រឡប់ទៅផ្ទះ វិបត្តិនៅមិនទាន់បញ្ចប់ទេ។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាសន្ធិសញ្ញា។ ការកាន់កាប់ដោយកម្លាំងមិនបង្កើតអធិបតេយ្យភាព ហើយ fait accompli មិនអាចជំនួសច្បាប់បានឡើយ។
ថ្ងៃនេះ សំណួរមិនមែនថា «តើមានអ្វីកើតឡើង?» ទៀតទេ។ AOT បានចុះដល់ទីតាំង។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានជួបជនភៀសសឹក។ ស្ថានភាពនៅលើដីអាចត្រូវបានសង្កេត និងកត់ត្រា។ សំណួរដែលត្រូវការចម្លើយគឺ៖ តើពេលណា fait accompli ដែលបង្កើតដោយកម្លាំងត្រូវបញ្ចប់? ហើយតើពេលណាប្រជាពលរដ្ឋកម្ពុជាអាចត្រឡប់ទៅផ្ទះ ដីធ្លី និងសហគមន៍របស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ? ៕
ដោយ៖ គង់ សិរីរ័ត្ន





