មន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីរាប់បាត្រព្រះសង្ឃ២០០អង្គ ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦-- ក្នុងស្មារតីនៃការដឹងគុណ និងការរម្លឹកដល់គុណូបការៈដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ព និងវីរនគរបាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងឯកឧត្តម មាស សុត្ថា ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋធ្វើពិធីរាប់បាត្រប្រគេនព្រះសង្ឃចំនួន ២០០អង្គទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធនៃវីរជន ដែលបានពលីកម្មក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។
ឯកឧត្តម មាស សុត្ថា បានថ្លែងថា ពិធីរាប់បាត្រព្រះសង្ឃចំនួន ២០០អង្គនេះ ដើម្បីឧទ្ទិសមហាកុសលផលបុណ្យទាំងឡាយជូនដល់ដួងវិញ្ញាណក្ខន្ធរបស់វីរកងទ័ព វីរនគរបាល និងកងកម្លាំងគ្រប់ប្រភេទ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ អធិបតេយ្យភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងបានគូសបញ្ជាក់ថា វីរភាពដ៏អង់អាចក្លាហានរបស់ពួកគាត់ គឺជាគុណូបការៈដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាន។ ពួកគាត់បានលះបង់នូវអ្វីដែលមានតម្លៃបំផុតនោះគឺ ជីវិតរបស់ខ្លួន ដោយមិនខ្លាចការលំបាក គ្រោះថ្នាក់ ឬសេចក្តីស្លាប់ ដើម្បីឱ្យជាតិរស់រាន មានសុខសន្តិភាព និងដើម្បីការពារប្រជាពលរដ្ឋ។

ដោយឡែក ឯកឧត្តម ឯក សំអុល បានបញ្ជាក់ផងដែរថា ការរៀបចំពិធីនេះដើម្បីដឹងគុណ និងរម្លឹកគុណឱ្យបានជាប់ជានិច្ចដល់វីរកងទ័ព វីរនគរបាល និងប្រជាជនស្លូតត្រង់ដែលពលីក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពានយ៉ាងកំរោលពីសំណាក់ទាហានថៃ។ ឯកឧត្តមបានបន្ថែមថា ដោយសារយើងមានវីរកងទ័ព និងវីរនគរបាលនៅសមរភូមិមុខនេះហើយ ទើបធ្វើឱ្យអ្នកនៅសមរភូមិក្រោយអាចរស់នៅបានប្រកបដោយសន្តិភាព។


ចំណែកឯកឧត្តម តាំង សុឃី ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានលើកឡើងថា ការពលីរបស់វីរកងទ័ព និងវីរនគរបាលដោយសារអំពើដ៏សាហាវយង់ឃ្នងនៃភាគីសៀម ដែលបានឈ្លានពានលើដែនបូរណភាពទឹកកម្ពុជាគឺបានបញ្ជាក់យ៉ាងច្បាស់ដោយមិនត្រឹមតែកម្ពុជាដឹងឮប៉ុណ្ណោះទេ គឺពិភពលោកបានដឹងយ៉ាងច្បាស់ផងដែរ ទោះបីភាគីសៀមខំកាឡៃក៏មិនអាចបិទបាំងបាននោះឡើយ។ ដូច្នេះការលះបង់របស់វីរកងទ័ព និងវីរនគរបាលធ្វើឱ្យប្រជាពលរដ្ឋ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចងចាំនិច្ចនូវគុណូបការៈរបស់អស់លោកក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិកម្ពុជា៕
ដោយ៖ ចាន់ សុភឿន




