ព្រះមហាក្សត្រ ថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ និងផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជឱង្ការ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហា សេនាបតីតេជោ ជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៅក្នុងគ្រប់កាលៈទេសៈ ដែលប្រទេសជាតិត្រូវទទួលរងនូវការរំលោភបំពាន និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស នាពេលកន្លងទៅ សម្តេចបានដឹកនាំ និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ជាពិសេសជាមួយបងប្អូនវីរយុទ្ធជនជាតិយើង នៅគ្រប់លំដាប់ថ្នាក់ និងនៅតាមទីតាំងបញ្ជាការជួរមុខតាមបណ្តោយព្រំដែនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រឹក្សាយោបល់យុទ្ធសាស្ត្រ ផ្តល់ការលើកទឹកចិត្ត គាំទ្រគ្រប់បែបយ៉ាង និងគ្រប់ទិដ្ឋភាពដោយគ្មានពេលសម្រាក ទាំងយប់-ថ្ងៃ ដើម្បីបុព្វហេតុតែមួយគត់គឺការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពជាតិយើង។ នេះបើយោងតាមព្រះរាជសន្ទរកថារបស់ព្រះករុណាព្រះមហាក្សត្រ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៨។

ព្រះករុណាព្រះមហាក្សត្រគូសបញ្ជាក់ថា ជាសច្ចធម៌មិនអាចប្រកែកបាន ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ គតិបណ្ឌិតដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ និងដឹកនាំអនុវត្តន៍ប្រកបដោយជោគជ័យនូវ “នយោបាយ ឈ្នះ-ឈ្នះ” ហើយជាបន្តបន្ទាប់មកទៀត ពី“យុទ្ធសាស្ត្រត្រីកោណ” រហូតដល់ “យុទ្ធសាស្ត្រចតុកោណ” និងគោលនយោបាយ កែទម្រង់មុតស្រួចនិងស៊ីជម្រៅលើគ្រប់វិស័យ, សេដ្ឋកិច្ចសង្គម ធ្វើឱ្យកម្ពុជាទទួលបានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់ ក៏ដូចជាបានផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។ ព្រះអង្គបានឱ្យដឹងទៀតថា ទាំងអស់នេះ គឺមកពីយើងទាំងអស់គ្នាមានមហាសាមគ្គីជាតិជាធ្លុងមួយ ក្រោមម្លប់សន្តិភាពដ៏រឹងមាំ និងយូរអង្វែងក្នុងផ្ទៃប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ ក្នុងថិរវេលាជិត២ទសវត្សរ៍ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជា បាននិងកំពុងផ្តល់ផ្លែផ្កា ដែលធ្វើឱ្យសមិទ្ធផល ស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើង។

ព្រះមហាក្សត្រ ព្រះអង្គបានគូសបញ្ជាក់ទៀតថា ដោយឡែកសម្រាប់នីតិកាលទី៥ នៃព្រឹទ្ធសភា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផ ដ៏ធំធេងបន្ថែមទៀតក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារអធិបតេយ្យភាពជាតិដ៏ថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរនៃយើង។ ជាងនេះទៀតព្រះអង្គ ក៏បានសម្តែងនូវការកោតស្ញប់ស្ញែង និងកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាព អង់អាចក្លាហាន របស់វីរយុទ្ធជនកម្ពុជាគ្រប់រូប ដែលបានប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លា សមរភូមិ ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងការពារប្រជាជន ក៏ដូចជាប្រជាជន កម្ពុជា នៅទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងមានឯកភាព ជាតិខ្ពស់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទេពកោសល្យដ៏ឧត្តុង្គឧត្តមរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដឹកនាំកំពូលក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិយោធា និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារ បូរណភាពទឹកដី និងការពារប្រជាជនកម្ពុជារបស់យើង៕


ដោយ៖ ជឹម ណារី





