សិក្ខាសាលាស្តីពី «ការតាមដាន និងវាយតម្លៃ» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី «ការតាមដាន និងវាយតម្លៃ» ក្រោមប្រធានបទ «គោលគំនិត និងការអនុវត្ត» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តគម្រោងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធលើ៖ ១) ការរៀបចំផែនការ ការគ្រប់គ្រង និងការប្រើប្រាស់ទិន្នន័យ សម្រាប់ការគ្រប់គ្រងគម្រោងឱ្យមានប្រសិទ្ធភាព និង ២) ការស្វែងយល់បន្ថែមអំពីទ្រឹស្តីនៃការផ្លាស់ប្តូរ (Theory of Change) ក្របខ័ណ្ឌលទ្ធផល និយមន័យនៃសូចនាករនីមួយៗ និងលំហូរទិន្នន័យរវាងស្ថាប័ន។

ការយល់ដឹងពីគោលការណ៍ និងការអនុវត្តវិធីសាស្ត្រតាមដាន និងវាយតម្លៃ (M&E) ឱ្យបានត្រឹមត្រូវ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីធានាថាការអនុវត្តសកម្មភាពមិនត្រឹមតែដើរតាមផែនការដែលបានកំណត់នោះទេ ប៉ុន្តែថែមទាំងសម្រេចបាននូវលទ្ធផលពិតប្រាកដ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅរួមរបស់គម្រោង។

ជាទីបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ និងបានណែនាំឱ្យមន្ត្រីគម្រោងគ្រប់លំដាប់ថ្នាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីទីប្រឹក្សាជំនាញ ព្រមទាំងចូលរួមពិភាក្សាឱ្យបានសកម្ម ដើម្បីជាទុនក្នុងការយកទៅអនុវត្តការងារនៅមូលដ្ឋានឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





