នាវាកងទ័ពជើងទឹកអង់គ្លេស១គ្រឿងចូលសំចតមូលដ្ឋានសមុទ្ររាមប្រកបដោយសុវត្ថិភាព ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំង២
AKP ព្រះសីហនុ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ព្រមទាំងនាយនាវីជាច្រើនរូប នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអង់គ្លេសចំនួន០១គ្រឿង ដែលមានឈ្មោះ HMS TAMAR លេខP233 ជាប្រភេទនាវាល្បាត ដឹកនាំដោយលោកវរនាវីទោ TOM Lindsey មេបញ្ជាការនាវាប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ចូលសំចតនៅកំពង់ផែមូលដ្ឋានសមុទ្ររាម រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ច ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកម្ពុជា-អង់គ្លេស។

លក្ខណៈបច្ចេកទេសនាវា HMS TAMAR លេខP233 មានបណ្ដោយ៩០ម៉ែត្រ ទទឹង១៣ម៉ែត្រ ជម្រៅទឹក៤.៣ម៉ែត្រ ទម្ងន់ផ្ទុក២០០០តោន កម្ពស់៣៣ម៉ែត្រ មាននាវិកសរុបចំនួន៦១នាក់ ដឹកនាំដោយលោកមេបញ្ជាការនាវា លោកវរនាវីទោ TOM Lindsey។

លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានទទួលស្វាគមន៍មេបញ្ជាការនាវា និងនាវិកនៃនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ដែលបានដឹកនាំនាវាចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរឱ្យនាវិកនៃនាវាកងទ័ពជើងទឹកអង់គ្លេសធ្វើដំណើកម្សាន្តនៅខេត្តព្រះសីហនុទទួលបានសុវត្ថិភាពគ្រប់គ្នា។

ក្នុងការស្នាក់នៅប្រទេសកម្ពុជា គណៈប្រតិភូកងទ័ពជើងទឹកអង់គ្លេសមានកម្មវិធីចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមមេបញ្ជាការមូលដ្ឋានសមុទ្ររាម ចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន ព្រមទាំងមានកម្មវិធីហ្វឹកហ្វឺនរួមគ្នា កម្មវិធីសង្គ្រោះបឋម និងលេងកីឡាមិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ៕


ដោយ ងូ សុមុនី





