លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្វះខាត និងចាស់ជរា ២០គ្រួសារ នៅស្រុកមង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ក្នុងបរិកាសដ៏កក់ក្តៅ និងពោរពេញដោយក្តីមេត្តាករុណា កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្ត្រីចាស់ជរាចំនួន២០គ្រួសារ ដែលរស់នៅស្ថិតក្នុងភូមិប្រស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

មានប្រសាសន៍ក្នុងឱកាសដ៏មានតម្លៃនោះ លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅ និងក្តីនឹករលឹកបំផុតពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសពីសំណាក់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ លោកជំទាវបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដោយមិនទុកចោលនរណាម្នាក់ឱ្យរស់នៅក្នុងភាពឯកោដោយគ្មានការយកចិត្តទុកដាក់នោះឡើយ។ «ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាគឺជាទឹកចិត្ត និងជាការចែករំលែកដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនបានមួយកម្រិត» នេះជាការលើកឡើងរបស់លោកជំទាវ។

បន្ថែមពីលើការឧបត្ថម្ភសម្ភារៈ លោកជំទាវក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត និងខិតខំប្រកបរបរចិញ្ចឹមជីវិតដោយស្មោះត្រង់។ ក្រៅពីនេះ លោកជំទាវក៏បានជំរុញ និងលើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ ត្រូវខិតខំជំរុញកូនចៅឱ្យបានចូលសាលារៀនសូត្រគ្រប់ៗគ្នា ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់គ្រួសារ និងសង្គមជាតិ។
ក្នុងពិធីនោះ គ្រួសារក្រីក្រ និងចាស់ជរាទាំង ២០គ្រួសារ ទទួលបានអំណោយក្នុងមួយគ្រួសាររួមមាន ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ អង្ករ២៥គីឡូក្រាម ប្រេងឆា២ដប ត្រីខ៦កំប៉ុង មី១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេស និងទឹកកូកាកូឡា ១កេសនិង ថវិកាចំនួន ២០,០០០រៀល។

ទន្ទឹមនឹងនេះ ក្រុមការងារក៏បានគិតគូរដល់វិស័យអប់រំ ដោយបានចែកជូនអំណោយដល់ សិស្សានុសិស្សក្រីក្រចំនួន ២០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២,០០០រៀល និងនំចំនួន ២កញ្ចប់ផងដែរ ដែលនេះបានបង្កើតឱ្យមានបរិយាកាសសប្បាយរីករាយ និងស្នាមញញឹមយ៉ាងក្រៃលែងពីសំណាក់កុមារា កុមារី និងប្រជាពលរដ្ឋមូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





