កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ»
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នាព្រឹកថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «បទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និងបទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ» នៅសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ព្រំ វណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងមន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក-ឃុំ និងតំណាងក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្មខ្សាច់ជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រឹងការយល់ដឹងអំពីទិដ្ឋភាពសេដ្ឋកិច្ច-សង្គម បរិស្ថាន និងបទដ្ឋានបច្ចេកទេស ជូនដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងក្រុមហ៊ុនអាជីវកម្មខ្សាច់ សំដៅធានាការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងលុបបំបាត់ភាពអនាធិបតេយ្យ។ ជាមួយគ្នានេះ ក៏មានការផ្សព្វផ្សាយពីឯកសារគតិយុត្ត យន្តការ និងនីតិវិធីត្រួតពិនិត្យ ព្រមទាំងការសិក្សាជលវិទ្យា និងជលគតិផងដែរ។
ក្នុងឱកាសនោះ អាជ្ញាធរនិងភាគីពាក់ព័ន្ធបានប្តេជ្ញាសហការទប់ស្កាត់ការបូមខ្សាច់ខុសលក្ខណៈបច្ចេកទេស និងខុសទីតាំងអនុញ្ញាត។ ខណៈនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមហ៊ុនទាំងអស់ឱ្យពង្រឹងលក្ខណៈបច្ចេកទេស ហើយក្រុមហ៊ុនគ្មានអាជ្ញាប័ណ្ណ ឬផុតសុពលភាព ត្រូវប្រញាប់ស្នើសុំ និងសិក្សាជលវិទ្យា-ជលគតិឱ្យបានត្រឹមត្រូវ ដើម្បីធានាចីរភាពអាជីវកម្ម និងប្រយោជន៍ជាតិ៕

ដោយ៖ ពេជ្រ សំអឿន,(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





