ឯកឧត្តម លី ធុជ ប្រគេនទេយ្យវត្ថុ និងទៀនវស្សាដល់វត្តចំនួន១៩ទូទាំងក្រុងបាវិត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំក្រុមការងារ នាំយកទេយ្យវត្ថុ និងទៀនវស្សា ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមវត្តអារាមចំនួន១៩ ទូទាំងក្រុងបាវិត កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ។

ពិធីប្រគេនទេយ្យវត្ថុ និងទៀនវស្សា ត្រូវបានរៀបចំឡើងនៅវត្តព្រៃអង្គុញ ស្ថិតក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីបុគ្គលិកអាជ្ញាធរមីន ក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ការប្រគេនទេយ្យវត្ថុ និងទៀនវស្សា គឺជាការចូលរួមចំណែកក្នុងការគាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងជាការរួមចំណែកថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ ដែលបានបន្សល់ទុកពីដូនតា។ សកម្មភាពនេះក៏ជាការរួមចំណែកពង្រឹងសាមគ្គីភាព សុខដុមរមនា និងការរស់នៅប្រកបដោយសន្តិភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបានចូលរួមគាំទ្រ និងថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ ព្រមទាំងរួមគ្នាកសាងសហគមន៍ប្រកបដោយសាមគ្គីភាព សុខដុមរមនា និងសេចក្តីសុខសាន្ត ៕

ដោយ៖ សួស សំរិត





