ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មាន ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ពិសេសព័ត៌មានទាន់ហេតុការណ៍មិនត្រូវឱ្យភាពរហ័សរហួនក្លាយជាការផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស អ្នកសារព័ត៌មាន ត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងការផលិត និងចែករំលែកព័ត៌មាន ជាពិសេសព័ត៌មានទាន់ហេតុការណ៍ ដោយមិនត្រូវឱ្យភាពរហ័សរហួនក្លាយជាមូលហេតុនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលខ្វះការផ្ទៀងផ្ទាត់នោះឡើយ។

ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារផ្សព្វផ្សាយជាមួយអង្គភាពសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពការងារក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។
ក្នុងពិធីសំណេះសំណាល និងតម្រង់ទិសនេះដែរ ក៏មានការចូលរួមពីអ្នករាយការណ៍ព័ត៌មានពេលរាត្រី និងអង្គភាពសារព័ត៌មានជាច្រើន ដែលបានរាយការណ៍យ៉ាងសកម្មអំពីព័ត៌មានទាន់ហេតុការណ៍ ព្រមទាំងមន្ត្រីមកពីនាយកដ្ឋានកិច្ចការព័ត៌មាន និងទំនាក់ទំនងសាធារណៈ នាយកដ្ឋាននីតិកម្ម នាយកដ្ឋានសោតទស្សន៍ និងអធិការដ្ឋាន សរុបប្រមាណជាង ១០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ក្នុងការបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានជូនសាធារណជន។ ឯកឧត្ដមបានលើកឡើងថា៖ «អ្នកសារព័ត៌មាន ត្រូវមានការទទួលខុសត្រូវចំពោះរាល់ព័ត៌មានដែលខ្លួនផ្សព្វផ្សាយ ត្រូវផ្តល់អាទិភាពដល់ភាពពិត ភាពត្រឹមត្រូវ និងប្រភពព័ត៌មានច្បាស់លាស់ ព្រមទាំងចៀសវាងការផ្សព្វផ្សាយខ្លឹមសារដែលអាចប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងតម្លៃវប្បធម៌ខ្មែរ»។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់នៃការតម្រង់ទិសជាបន្តបន្ទាប់នេះ គឺដើម្បីឱ្យអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានកាន់តែយល់ច្បាស់ពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការផ្សព្វផ្សាយព័ត៌មាន ជាពិសេសការរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ដោយធានាថា ព័ត៌មានដែលផ្សព្វផ្សាយទៅកាន់សាធារណជនមានភាពត្រឹមត្រូវ មានតុល្យភាព គោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ព្រមទាំងស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





