វៀតណាម-ឡាវ ផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការកសាង និងពង្រឹងប្រព័ន្ធរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ -- ទីភ្នាក់ងារសារព័ត៌មានជាតិឡាវ (KPL) បានចេញផ្សាយអត្ថបទវិចារណកថាមួយ ដែលបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ ក្នុងការកសាង និងពង្រឹងប្រព័ន្ធរដ្ឋ ខណៈដែលរំលឹកដល់ការចូលរួមចំណែកដ៏សំខាន់របស់អតីតប្រធានរដ្ឋសភាឡាវ លោក សាយសុមផុន ភុមវិហាន ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
យោងតាមអត្ថបទវិចារណកថានោះ បានឱ្យដឹងថា ការកសាង និងពង្រឹងប្រព័ន្ធរដ្ឋ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិកំពូល គឺជាតម្រូវការបន្ទាន់សម្រាប់ប្រទេសឡាវ និងវៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងការពារជាតិរៀងៗខ្លួន។ នៅក្នុងបរិបទនេះ ប្រទេសទាំងពីរបានពង្រឹងការផ្លាស់ប្តូរមេរៀន បទពិសោធន៍ និងកិច្ចសហប្រតិបត្តិការក្នុងការកសាងរដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិ។ កិច្ចសហប្រតិបត្តិការបែបនេះមានឫសគល់នៅក្នុងភាពស្រដៀងគ្នានៃប្រវត្តិសាស្ត្រ ផ្លូវអភិវឌ្ឍន៍ និងឧត្តមគតិ ក៏ដូចជាការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ទំនាក់ទំនងឡាវ-វៀតណាម។
ទីភ្នាក់ងារសារព័ត៌មាន KPL បានសង្កត់ធ្ងន់ថា ការចែករំលែកបទពិសោធន៍ គឺមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យសាមញ្ញ និងពង្រឹងឧបករណ៍រដ្ឋ បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរបស់ខ្លួន និងបំពេញតាមតម្រូវការក្នុងស្ថានភាពថ្មី។ ដូច្នេះ គណបក្ស រដ្ឋ និងរដ្ឋសភាទាំងពីរបានបន្តពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំ និងការរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងដំណើរការនៃការកសាង និងពង្រឹងស្ថាប័នរដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិកំពូល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





