ឯកឧត្តម គួច ចំរើន ណែនាំអាជ្ញាធរ ត្រូវយកចិត្តទុកដាក់លើការបង្ក្រាបអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ដែលកំពុងបង្កហានិភ័យដល់ប្រជាពលរដ្ឋ
AKP កណ្តាល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦–ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានណែនាំឱ្យគណៈកម្មាធិការ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការបង្ក្រាបអំពើជួញដូរមនុស្ស ព្រមទាំងបទល្មើសពាក់ព័ន្ធនឹងការបោកប្រាស់ និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ ដែលកំពុងបង្កហានិភ័យដល់ប្រជាពលរដ្ឋ ជាពិសេសក្រុមមនុស្សងាយរងគ្រោះ ។

ឯកឧត្តម អភិបាលខេត្តកណ្តាល មានប្រសាសន៍ដូចនេះ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នៅពេលអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកណ្តាល។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងអង្គការជាដៃគូពាក់ព័ន្ធជាច្រើនរូប ។ ឯកឧត្តម ជំរុញដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តសហការគ្នាកំណត់ និងស្វែងរកទីតាំងដែលអាចមានហានិភ័យនៃការកើតមានអំពើជួញដូរមនុស្ស ដូចជា ផ្ទះសំណាក់ កន្លែងកម្សាន្ត និងទីតាំងផ្សេងៗដែលអាចជាកន្លែងកេងប្រវ័ញ្ច ឬលួងលោមជនងាយរងគ្រោះ ដើម្បីចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា។ គណៈកម្មាធិការ ត្រូវបន្តអនុវត្តការងារការពារ និងទប់ស្កាត់ឱ្យបានព្រមៗគ្នា ដោយផ្តោតសំខាន់លើការអប់រំ និងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ ឱ្យបានទូលំទូលាយ និងចំគោលដៅ ពោលគឺការផ្សព្វផ្សាយត្រូវធ្វើឱ្យប្រជាពលរដ្ឋយល់ដឹងពីវិធីសាស្ត្ររបស់ជនល្មើស របៀបការពារខ្លួន និងមធ្យោបាយស្នើសុំជំនួយនៅពេលប្រឈមនឹងហានិភ័យ។

ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកឱ្យអាជ្ញាធរ និងសមត្ថកិច្ច ត្រូវបង្កើនបណ្តាញសហការជាមួយសហគមន៍ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក ជួយសង្គ្រោះ និងការពារជនរងគ្រោះ ព្រមទាំងពង្រឹងការស៊ើបអង្កេតឱ្យអាចឈានទៅកំណត់អត្តសញ្ញាណ និងចាប់ខ្លួនមេខ្លោង ឬអ្នកនៅពីក្រោយការប្រព្រឹត្តអំពើជួញដូរមនុស្សនៅក្នុងមូលដ្ឋាន មកផ្តន្ទាទោសតាមច្បាប់។

ចំពោះបញ្ហា ការកេងប្រវ័ញ្ច និងការជួញដូរពលកម្មកុមារ ឯកឧត្តម បានណែនាំឱ្យមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សិក្សាឱ្យបានច្បាស់អំពីបទប្បញ្ញត្តិច្បាប់ និងវិធានការការពារកុមារ ព្រមទាំងចុះត្រួតពិនិត្យ និងតាមដានតាមរោងចក្រ សហគ្រាស និងទីតាំងការងារនានា ដើម្បីពិនិត្យថាតើមានការប្រើប្រាស់កម្លាំងពលកម្មកុមារដែលផ្ទុយនឹងច្បាប់កំណត់។

ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ឯកឧត្តម គួច ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះសារអេឡិចត្រូនិក លីង (Link) និងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនតាមអនឡាញ។ មុនពេលចុចលើ Link ឬធ្វើប្រតិបត្តិការណាមួយ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ និងមិនត្រូវជឿលើការលួងលោម ឬការផ្តល់ការងារ និងផលប្រយោជន៍ដែលមិនច្បាស់លាស់តាមបណ្តាញសង្គមឡើយ។ ជាពិសេស ឯកឧត្តមបានណែនាំឱ្យប្រជាពលរដ្ឋ កុំលក់ ឬប្រគល់គណនីធនាគារ និងព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ព្រោះអាចធ្វើឱ្យខ្លួនក្លាយជាអ្នកពាក់ព័ន្ធនឹងបទល្មើស ឬរងគ្រោះពីការបោកប្រាស់ និងការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





