ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម៖ ថ្នាក់ដឹកនាំជាតិតែងគិតគូរខ្ពស់ ចំពោះសុខទុក្ខអតីតយុទ្ធជន និងនិវត្តជន
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) បានលើកបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅទូទាំងប្រទេស។

ការគូសបញ្ជាក់យ៉ាងស៊ីជម្រៅនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ នេះ ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពអនុប្រធានគណៈកម្មាធិការ ព្រមទាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងនៅសាលប្រជុំ (ក) នៃសាលាខេត្តបន្ទាយមានជ័យ។
ពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុក មន្ត្រីឃុំ-សង្កាត់ ព្រមទាំងមន្ត្រីរាជការ និងភាគីពាក់ព័ន្ធជាច្រើនរូប។

ពិធីប្រកាសសមាសភាពដឹកនាំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធការងារ បង្កើនប្រសិទ្ធភាពក្នុងការដឹកនាំ និងសម្របសម្រួលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ឱ្យកាន់តែមានភាពច្បាស់លាស់ ចំគោលដៅ និងទាន់ពេលវេលា។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ និងជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធដែលទើបទទួលការតាំងតំណែងត្រូវបន្តបង្កើនការយកចិត្តទុកដាក់ អនុវត្តន៍តួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើអតីតយុទ្ធជន។ ពង្រឹងកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តឱ្យបានទាន់ពេលវេលា។ បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងប្រសិទ្ធភាពការងារ ដើម្បីធានាឱ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ក្លាយជាបង្អែកយ៉ាងរឹងមាំ និងឆ្លើយតបបានយ៉ាងពិតប្រាកដទៅនឹងតម្រូវការជាក់ស្តែងរបស់អតីតយុទ្ធជននៅមូលដ្ឋាន៕
ដោយឈុនសារ៉ាត





