អ៊ីរ៉ង់ត្រៀមខ្លួនបន្តជម្លោះជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ -- អ៊ីរ៉ង់ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីធានាបាននូវបទឈប់បាញ់ គឺមានបំណងតែមួយគត់ ដើម្បីបន្ធូរបន្ថយសម្ពាធលើទីផ្សារ និងការរៀបចំសម្រាប់ដំណាក់កាលថ្មីនៃអរិភាព។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះ និងរបាយការណ៍ស៊ើបការណ៍សម្ងាត់។
យោងតាមសារព័ត៌មាននេះ បានឱ្យដឹងថា ទីក្រុងតេអេរ៉ង់ជឿជាក់ថា កិច្ចចរចាបច្ចុប្បន្នអាចគ្មានអ្វីក្រៅពី «ការសម្រាកមុនពេលមានជម្លោះបន្ថែមទៀត» ហើយថា អនុស្សរណៈដែលបានចុះហត្ថលេខា «ទំនងជាការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីបន្ធូរបន្ថយសម្ពាធលើសេដ្ឋកិច្ចពិភពលោក និងទិញពេលវេលាសម្រាប់ការវាយប្រហារកាន់តែធំនៅពេលខាងមុខ» ប៉ុណ្ណោះ។
សារព័ត៌មាន The Wall Street Journal បានកត់សម្គាល់ថា ការត្រៀមខ្លួនរបស់ទីក្រុងតេអេរ៉ង់ក្នុងការប្រយុទ្ធតបវិញ «បង្ហាញពីកង្វះទំនុកចិត្តយ៉ាងខ្លាំង ដែលទំនងជារារាំងភាគីទាំងពីរពីការឈានដល់កិច្ចព្រមព្រៀងយូរអង្វែង ដើម្បីបញ្ចប់ជម្លោះនៅពេលណាមួយឆាប់ៗនេះ»។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដោយមានទីក្រុងអ៊ីស្លាម៉ាបាដធ្វើជាអន្តរការី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលផ្តល់នូវការបញ្ឈប់អរិភាពជាបន្ទាន់លើគ្រប់វិស័យ រួមទាំងនៅលីបង់ផងដែរ។ យ៉ាងណាក៏ដោយ នៅព្រឹកព្រលឹមថ្ងៃទី០៨ ខែកក្កដា សហរដ្ឋអាមេរិកបានបន្តការវាយប្រហារទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ដោយចោទប្រកាន់ថា បានរំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលសម្រេចបាននៅលើច្រកសមុទ្រហ័រមុស។ នៅថ្ងៃទី០២ ខែសីហា លោក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់នឹងចាប់ផ្តើមកិច្ចចរចាលើកិច្ចព្រមព្រៀងសន្តិភាព។ លើសពីនេះទៀត មេដឹកនាំសហរដ្ឋអាមេរិកបានសរសេរនៅលើទំព័រ Truth Social របស់លោកថា លោកបានយល់ព្រមលុបចោលការវាយប្រហារទ្រង់ទ្រាយធំដែលបានគ្រោងទុកប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់។ យោងតាមរូបលោក បានឱ្យដឹងថា ទីក្រុងតេអេរ៉ង់ និងបណ្តាប្រទេសអារ៉ាប់ បានស្នើសុំឱ្យទីក្រុងវ៉ាស៊ីនតោនចៀសវាងការវាយប្រហារ ដោយសារភាគីទាំងពីរបានព្រមព្រៀងគ្នាលើគម្រោងនៃកិច្ចព្រមព្រៀងនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





