រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្ត្រប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ បានចុះបេសកកម្មពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗស្តីពី «តំបន់សក្តានុពលសម្រាប់អភិវឌ្ឍន៍តាមតំបន់ព្រំដែន» ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង/ស្រុកទាំង៩ ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធសរុបចំនួន ៤២រូប (ស្ត្រី ៨រូប)។

ក្នុងឱកាសនោះ លោក ឃូ ពៅ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងពីភាពចាំបាច់នៃការរៀបចំផែនការអភិវឌ្ឍន៍ព្រំដែន។ លោកអភិបាលរងបានគូសបញ្ជាក់ថា ខេត្តបន្ទាយមានជ័យគឺជាច្រកទ្វារសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប់ព្រំដែនយ៉ាងសំខាន់ ដែលផ្ទុកទៅដោយសក្តានុពលពហុវិស័យ រាប់ចាប់ពីវិស័យកសិកម្ម ពាណិជ្ជកម្មឆ្លងដែន រហូតដល់វិស័យទេសចរណ៍ និងឧស្សាហកម្ម។ ការជួបជុំពិភាក្សានាពេលនេះ គឺជាឱកាសមាសសម្រាប់អាជ្ញាធរដែនដី និងមន្ទីរជំនាញក្នុងការឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែង និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន។

ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានមានប្រសាសន៍អំពីគោលបំណងចម្បងនៃបេសកកម្មនេះថា ការប្រមូលធាតុចូលផ្ទាល់ពីអាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់ក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើតតំបន់សេដ្ឋកិច្ច និងបង្កើនឱកាសការងារជូនប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព សុវត្ថិភាព និងការការពារអធិបតេយ្យភាពជាតិ។

តាមរយៈកិច្ចប្រជុំពិភាក្សានេះ ធាតុចូល និងអនុសាសន៍សំខាន់ៗដែលទទួលបានពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរជំនាញនឹងត្រូវយកទៅចងក្រងជាទិន្នន័យយុទ្ធសាស្ត្រ ដើម្បីរៀបចំផែនការសកម្មភាពអភិវឌ្ឍតំបន់ព្រំដែនខេត្តបន្ទាយមានជ័យឱ្យកាន់តែមានភាពរវើក និងរឹងមាំនាពេលអនាគត៕
ដោយ ឈុន សារ៉ាត





