ឯកឧត្តម ឌិត ទីណា ចុះសួរសុខទុក្ខកងទ័ពយោធភូមិភាគទី៥ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល
AKP បាត់ដំបង ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦--កិច្ចសហប្រតិបត្តិការ និងចំណងសម័្ពន្ធមេត្រីភាពរវាងស្ថាប័នស៊ីវិល និងកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ នៅតែបន្តស្តែងឱ្យឃើញយ៉ាងច្បាស់ស្តែងតាមរយៈសកម្មភាពយកចិត្តទុកដាក់ និងការចុះសួរសុខទុក្ខដោយផ្ទាល់។ ជាក់ស្តែង នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំប្រតិភូអមដំណើរ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លាទៅប្រគល់ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ ដែលកំពុងឈរជើងការពារព្រំដែនក្នុងខេត្តភាគពាយព្យប្រទេស។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងក្តៅគគុក និងការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនកងទ័ពទាំងអស់។

ឯកឧត្តមបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ដ៏ខ្ពង់ខ្ពស់ ប្រកបដោយភាពក្លាហាន និងស្មារតីស្នេហាជាតិដ៏ជ្រាលជ្រៅរបស់កងកម្លាំងយោធភូមិភាគទី៥ ដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំ អត់ធន់គ្រប់ឧបសគ្គ ដើម្បីការពារបូរណភាពទឹកដី ការពារអធិបតេយ្យភាព និងសុខសន្តិភាពជូនប្រជាជាតិទាំងមូល។
លើសពីជំនួបសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកប្រគល់ជូនដល់ដៃបងប្អូនកងទ័ពដោយផ្ទាល់។

កាយវិការនេះគឺជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់អំពីស្មារតី «សម្ព័ន្ធមេត្រីភាព» ដ៏រឹងមាំ ដែលផ្សារភ្ជាប់រវាងស្ថាប័នស៊ីវិល និងស្ថាប័នជួរមុខ។ ការជួយឧបត្ថម្ភ គាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធនេះ មិនត្រឹមតែជាការចែករំលែកសម្ភារ និងស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ពសមរភូមិមុខ ឱ្យកាន់តែមានជំនឿចិត្ត និងស្មារតីរឹងប៉ឹងក្នុងការបំពេញភារកិច្ចបម្រើជាតិ។

កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ដែលជាសមិទ្ធផលរកបានដោយកម្រ និងដោយការលះបង់ដ៏ធំធេងរបស់វីរជនជំនាន់មុន។ ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ នឹងបន្តធានាបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសង្គម ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងជានិរន្តរ៍៕

ដោយ ឈុន សារ៉ាត





