ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទូតសហរដ្ឋអាមេរិក ជំរុញការអនុវត្ត MOU សុខាភិបាល ឆ្នាំ២០២៦-២០៣០ ឆ្ពោះទៅការធានានិរន្តរភាព និងការគ្របដណ្តប់សុខភាពជាសកល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបលោកស្រី Aleksandra Zittle ភារធារីស្តីទី (Chargé d’Affaires, a.i.) នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍លោកស្រី Aleksandra Zittle និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម និងយូរអង្វែងដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសលើជំងឺអេដស៍ របេង គ្រុនចាញ់ សន្តិសុខសុខភាពសកល ការពិនិត្យតាមដានជំងឺ និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានលើកឡើងអំពី អាទិភាពសុខាភិបាលរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៥–២០៣៤ ដោយផ្តោតលើការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ការពង្រឹងសន្តិសុខសុខភាពសកល ការបង្ការ និងគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លង ការអភិវឌ្ឍធនធានមនុស្ស និងសុខភាពឌីជីថល។

ជំនួបបានផ្តោតលើវឌ្ឍនភាព និងជំហានបន្ទាប់នៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក រួមទាំង MOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០ និងកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានជាតិសុខភាពសហរដ្ឋអាមេរិក (NIH)។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើ Global Health Security, Laboratory Capacity, Disease Surveillance, Influenza, Research និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងបានឯកភាពលើសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំបច្ចេកទេសជាប្រចាំ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានា។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះការគាំទ្រឧបករណ៍ និងគ្រឿងបរិក្ខារសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺរបេង ដែលនឹងត្រូវប្រគល់ជូន CENAT និងបានស្នើពិចារណារៀបចំពិធីប្រគល់-ទទួល នៅចុងខែកញ្ញា ឬសប្តាហ៍ទី១នៃខែតុលា ឆ្នាំ២០២៦។ ជាមួយគ្នានេះ ភាគីសហរដ្ឋអាមេរិកបានជម្រាបបន្ថែមថា សហរដ្ឋអាមេរិកនឹងផ្តល់បន្ថែមជូនក្រសួងសុខាភិបាល នូវឧបករណ៍ចាប់មូសចំនួន២០ម៉ឺនគ្រឿង បន្ថែមលើការអនុម័តពីពេលមុន ហើយនឹងពន្លឿនការនាំចូល ដើម្បីចូលរួមក្នុងការប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺគ្រុនឈាម។
ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសុខាភិបាល ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





