មជ្ឈមណ្ឌល ACCB លែងត្រយងចង្កំកស៦ក្បាល ចូលតំបន់ការពារដែនជម្រកសត្វព្រៃសៀមប៉ា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--
ត្រយងចង្កំកសដែលជាប្រភេទសត្វកំពុងរងគ្រោះជិតផុតពូជបំផុត ចំនួន៦ក្បាល ត្រូវបានលែង ទៅកាន់ព្រៃធម្មជាតិនៅតំបន់ការពារដែនជម្រកសត្វព្រៃសៀមប៉ាង។ នេះជាការលែងលើកដំបូងបំផុតនៃប្រភេទត្រយងចង្កំកសដែលបានបង្កាត់ពូជ និងចិញ្ចឹមថែទាំដោយមនុស្សនៅក្រៅជម្រកធម្មជាតិ។

ប្រភពពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ថា សត្វទាំង៦ក្បាលនេះ ត្រូវបានបង្កាត់ពូជ និងចិញ្ចឹមថែទាំនៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ដែលជាទីកន្លែងតែមួយគត់លើពិភពលោក ដែលមានចំនួនប្រជាសាស្ត្រធានារក្សា ប្រភេទបក្សី ដែលរងគ្រោះជិតផុតពូជបំផុតនេះ ដើម្បីទប់ស្កាត់កុំឱ្យវិនាសផុតពូជ។ ព្រឹត្តិការណ៍នេះគឺជាសមិទ្ធផលដ៏ធំមួយសម្រាប់ការអភិរក្សសត្វប្រភេទនេះ ដោយសារមានការប៉ាន់ស្មានថា មានត្រយងចង្កំកស នៅសល់តិចជាង ១ ០០០ ក្បាល នៅក្នុងព្រៃធម្មជាតិ។

សត្វទាំងនេះបានចំណាយរយៈពេល៤សប្តាហ៍ក្នុងទ្រុងបន្សាំ មុននឹងត្រូវបានលែង ហើយសត្វចំនួន៤ក្បាល ត្រូវបានបំពាក់ឧបករណ៍តាមដាន (GPS) ដើម្បីឱ្យក្រុមការងារអាចតាមដាន បម្លាស់ទី និងការសម្របខ្លួនរបស់ពួកវាទៅនឹងជីវិតនៅក្នុងព្រៃធម្មជាតិ។
មជ្ឈមណ្ឌល ACCB យើងសង្ឃឹមថា សត្វទាំងនេះនឹងចូលរួមជាមួយសត្វត្រយងឯទៀតនៅក្នុងព្រៃ ដើម្បីជួយលើកកម្ពស់ ពូជសត្វដែលកំពុងរងគ្រោះជិតផុតពូជបំផុតនេះ។ មជ្ឈមណ្ឌល ACCB សូមអរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូ និងអ្នកគាំទ្រទាំងអស់ ដែលបានចូលរួមធ្វើឱ្យជំហ៊ានដ៏សំខាន់នេះ កើតឡើងបាន៕
ដោយ ណយ នឿន (ប្រភព៖ ACCB)





