តួកគី និងប៊ុលហ្គារី ពិភាក្សាអំពីការតភ្ជាប់ផ្លូវដែកថ្មី ដើម្បីជំរុញពាណិជ្ជកម្មរវាងអឺរ៉ុប-អាស៊ី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- លោក អាប់ឌុលកាឌៀ អ៊ូរ៉ាឡូហ្គ្លូ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធតួកគី បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសតួកគី និងប៊ុលហ្គារី បានពិភាក្សាគ្នាអំពីជំហាននានា ដើម្បីពង្រឹងការតភ្ជាប់ការដឹកជញ្ជូនទ្វេភាគី និងពង្រីកសមត្ថភាពផ្លូវដែក ចំពេលដែលមានការកើនឡើងនៃចរាចរណ៍ទំនិញ។
លោក អ៊ូរ៉ាឡូហ្គ្លូ បានជួបជាមួយរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទំនាក់ទំនងប៊ុលហ្គារី លោក ចចជី ពីវ និងគណៈប្រតិភូរបស់លោក នៅទីក្រុងសូហ្វីយ៉ា រដ្ឋធានីរបស់ប៊ុលហ្គារី។
លោក អ៊ូរ៉ាឡូហ្គ្លូ បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម NSosyal របស់តួកគីថា កិច្ចពិភាក្សានេះផ្តោតទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរជាតិ ដើម្បីសម្រួលដល់ចរាចរណ៍ផ្លូវដែកដែលកំពុងកើនឡើង ក្រោមគម្រោងអភិវឌ្ឍន៍ផ្លូវ។
ភាគីទាំងពីរក៏បានវាយតម្លៃចំពោះផែនការសម្រាប់ការតភ្ជាប់ផ្លូវដែកទីពីរ និងការបំប្លែងផ្នែកខ្លះនៃខ្សែរថភ្លើងព្រំដែន Plovdiv-Svilengrad-Türkiye ទៅជាហេដ្ឋារចនាសម្ព័ន្ធផ្លូវពីរផងដែរ។
លោក អ៊ូរ៉ាឡូហ្គ្លូ បាននិយាយថា ប្រទេសតួកគីនឹងបន្តធ្វើការដើម្បីធានាថា ការតភ្ជាប់ដឹកជញ្ជូនកាន់តែរឹងមាំរវាងប្រទេសទាំងពីរ រួមចំណែកបន្ថែមទៀតដល់ពាណិជ្ជកម្ម និងការដឹកជញ្ជូនរវាងអឺរ៉ុប និងអាស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





