សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ សារុន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦---
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ច័ន្ទ សារុន តំណាងរាស្ត្រខេត្តតាកែវ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូន ឯកឧត្តម ច័ន្ទ សារុន និងក្រុមគ្រួសារផងដែរ។

សម្តេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទាំងអស់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំព្យាបាលជំងឺជូន ឯកឧត្តម ច័ន្ទ សារុន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ប្រកបដោយជំនាញវិជ្ជាជីវៈ និងក្តីមេត្តាធម៌ពីបេះដូង៕

ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ រដ្ឋសភា





