អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃទទួលបណ្ដឹងជាង៦០០ ដោះស្រាយបានជាង៥០០ ក្នុងឆមាសទី១ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃបានទទួលពាក្យបណ្ដឹងចំនួន៦០៣បណ្ដឹង ក្នុងនោះមានបណ្តឹងស្ទួនចំនួន ៤៦បណ្ដឹង និងបណ្តឹងគ្មានប្រភពចំនួន២៤បណ្ដឹង។ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនបណ្ដឹងសរុបបានកើនឡើង ២០២បណ្ដឹង ស្មើនឹង ៥០%។ នេះបើតាមរបាយការណ៍អគ្គាធិការរដ្ឋានក្រសួងមហាផ្ទៃ។
អគ្គាធិការដ្ឋានបានឱ្យដឹងថា បណ្តឹងទាំងនោះរួមមាន បណ្តឹងប្រជាពលរដ្ឋជាមួយនឹងប្រជាពលរដ្ឋ ប្រជាពលរដ្ឋជាមួយនឹងមន្ត្រីរាជការ មន្ត្រីរាជការជាមួយនឹងមន្ត្រីរាជការ មន្ត្រីរាជការជាមួយនឹងអង្គភាពចំណុះក្រសួងមហាផ្ទៃ និងបណ្ដឹងពាក់ព័ន្ធការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការ ហើយដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដោះស្រាយអគ្គាធិការដ្ឋានបានពិនិត្យចាត់ចែងពាក្យបណ្ដឹង និងបានរៀបចំសំណើសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងពាក្យបណ្ដឹងចំនួន ៣៩៦បណ្ដឹង និងរបាយការណ៍បំភ្លឺចំនួន ១៨៦របាយការណ៍។ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គាធិការដ្ឋានក៏បានចុះធ្វើអធិការកិច្ច និងអង្កេតស្រាវជ្រាវ៤៤បណ្ដឹង និងចុះតាមដានការអនុវត្តសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃចំនួន ៥គោលដៅ ស្មើនឹង១៦ស.ជ.ណ។
បើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃឱ្យដឹងថា ជារួមលទ្ធផលក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អគ្គាធិការដ្ឋានបានដោះស្រាយពាក្យបណ្ដឹងចំនួន ៥៤៤បណ្ដឹង ស្មើនឹង៧៥% នៃបណ្ដឹងសរុប ដែលចំនួននេះបានកើនឡើង៨% បើធៀបនឹងលទ្ធផលដោះស្រាយក្នុងឆមាសទី១ ឆ្នាំ២០២៥ ខណៈបណ្ដឹងនៅសេសសល់១៨០បណ្ដឹងទៀត អគ្គាធិការដ្ឋានកំពុងបន្តដំណើរការដោះស្រាយតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់បំផុត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





