យ៉ាងហោចណាស់មនុស្ស ៦នាក់ស្លាប់ ខណៈដែលមានទឹកជំនន់ជាប្រវត្តិសាស្ត្របានជន់លិចរដ្ឋឥណ្ឌានណារបស់សហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានមនុស្សប្រាំមួយនាក់បានស្លាប់នៅក្នុងរដ្ឋឥណ្ឌានណា បន្ទាប់ពីប្រព័ន្ធព្យុះដ៏ខ្លាំងក្លាមួយបាននាំមកនូវភ្លៀងធ្លាក់ជាង ១១អ៊ីញទៅកាន់ផ្នែកខ្លះនៃរដ្ឋរបស់សហរដ្ឋអាមេរិកមួយនេះ ដែលបង្កឱ្យមានទឹកជំនន់ជាប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះយ៉ាងទូលំទូលាយ។ នេះបើយោងតាមអាជ្ញាធររដ្ឋ។
យោងតាមការរាយការណ៍របស់សារព័ត៌មាន NBC News កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ទឹកជំនន់បានប្រមូលផ្តុំនៅតាមដងទន្លេ ស ពីតំបន់ហាមីលថុនខោនធី ចូលទៅក្នុងតំបន់ជាយក្រុងភាគខាងជើងនៃទីក្រុងឥណ្ឌានណាប៉ូលីស ជាកន្លែងដែលមនុស្សជាង ៩០នាក់ និងសត្វចិញ្ចឹមចំនួន ៤៥ក្បាលត្រូវបានជួយសង្គ្រោះ។
នៅក្នុងសង្កាត់រ៉ាវេនវូដ នៃទីក្រុងឥណ្ឌានណាប៉ូលីស ទឹកជំនន់បានជន់លិចរថយន្ត និងបានចូលទៅដល់ទ្វារផ្ទះរបស់ប្រជាជន ខណៈដែលអ្នកស្រុកបានប្រើទូកកាយ៉ាក់ និងទូកចែវដើម្បីធ្វើដំណើរតាមដងផ្លូវ។
អភិបាលរដ្ឋ លោក ម៉ៃ ប្រាអ៊ុន បាននិយាយថា លោកបានជជែកជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយថា សេចក្តីប្រកាសរបស់ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធកំពុងត្រូវបានដំណើរការ។
លោក ប្រាអ៊ុន បាននិយាយថា «បេះដូងរបស់ខ្ញុំ គឺនៅជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ជនរងគ្រោះដែលបានបាត់បង់ជីវិត និងគ្រួសារនីមួយៗដែលជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរដោយសារព្យុះទាំងនេះ។ សូមបន្តយកចិត្តទុកដាក់ចំពោះគ្រោះទឹកជំនន់ និងនៅឱ្យឆ្ងាយពីទឹកជំនន់»។
សេវាអាកាសធាតុជាតិបាននិយាយថា តំបន់មួយចំនួនបានទទួលភ្លៀងធ្លាក់ជាង ១១អ៊ីញក្នុងរយៈពេលពីរថ្ងៃ។ ទន្លេ ស បានឡើងខ្ពស់ជាង ២៤ហ្វីត ដែលលើសពីកំណត់ត្រាដែលបានកត់ត្រាក្នុងឆ្នាំ១៩១៣។ លោក ចូ ហកសេតត៍ អភិបាលក្រុងឥណ្ឌានណាប៉ូលីស បានជំរុញឱ្យប្រជាជននៅតាមបណ្តោយទន្លេ ជម្លៀសចេញបន្ទាប់ពីមានការប្រកាសអាសន្នក្នុងតំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





