សម្តេចក្រឡាហោម អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦–
សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះព្រហ្មសត្ថា ហេង សុខន ព្រះរាជាគណៈកិត្តិយស ព្រះសង្ឃកិច្ចកោសលព្រះមេគណខេត្ត និងជាព្រះឧបជ្ឈាយ៍ខេត្ត និងព្រះមន្ត្រីសង្ឃ ខេត្តបាត់ដំបង នៅវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីបានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនារួចមក អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេច សូមអនុមោទនា ត្រេកអរ អបអរ សាទរ និងសូមប្រគេនសព្ទសាធុការពរដល់ព្រះមេគណនិងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបង ទាំង១៩ ព្រះអង្គ ដែលត្រូវបានទទួលប្រកាសនីយប័ត្រ និងស្រោចស្រពព្រះសុគន្ធវារី នាពេលនេះ សូមសមប្រកបតែនឹងព្រះសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីបន្តបុព្វហេតុ លើកស្ទួយ ព្រះពុទ្ធ សាសនា វប្បធម៌ អរិយធម៌ និងប្រពៃណីទំនៀមទម្លាប់ ជាតិ ដែលជាគោលការណ៍ដឹកនាំជីវិត រស់នៅ ប្រចាំថ្ងៃ សម្រាប់ សាសនិកទាំងអស់ឱ្យមាន សីលធម៌ គុណធម៌ សុជីវធម៌ ដែលជា កុសលចេតនាក្នុងការរួមចំណែកធ្វើឱ្យសង្គមកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពនិងបរិយាប័ន្ន។

សម្ដេច ក្រឡាហោម មានប្រសាសន៍បន្តថា ការទទួលបានព្រះរាជប្រកាសនីយបត្រ និងការប្រារព្ធពិធីស្រោចស្រពព្រះ សុគន្ធវារីថ្វាយព្រះមេគណ និងព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងទាំង១៩ព្រះអង្គនៅថ្ងៃ មិនមែនជាការចៃដន្យឡើយ ប៉ុន្តែវាជាសិរីសួស្តី ដ៏ឧត្តុង្គឧត្តម ដែលកើតចេញពី ព្រះសកម្មភាព សេចក្តីព្យាយាម និងស្នាព្រះហស្ត ដ៏ថ្លៃថ្លារបស់ព្រះអង្គ ក្នុងការ ដឹកនាំ គ្រប់គ្រង ព្រមទាំងការកសាងសមិទ្ធផលនានាទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅក្នុងខេត្តបាត់ដំបងរបស់យើង។ ព្រះអង្គតែងតែដើរតួនាទីជាប្រទីប បំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ គុណធម៌ ដល់ពុទ្ធបរិស័ទ និងចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការងារ មនុស្សធម៌ និងការអភិវឌ្ឍសង្គម។ ពិធីស្រោចស្រពព្រះសុគន្ធវារី នាថ្ងៃនេះ ជាសក្ខីកម្ម នៃការរីកចម្រើននៃព្រះ ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក្រោមម្លប់នៃសុខសន្តិភាពដែលប្រជាពលរដ្ឋ កម្ពុជាបាននឹងកំពុងរស់នៅដោយភាពសុខក្សេមក្សាន្ត។ សម្តេច ពិតជាមានមោទនភាពចំពោះ ការរីកចម្រើនវិស័យសាសនា នៅកម្ពុជា ទាំងពុទ្ធចក្រ ក៏ដូចជាការគោរពជំនឿសាសនាផ្សេងទៀតរបស់ប្រជា ជនកម្ពុជា ដែលរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។

សម្ដេច មានប្រសាសន៍គូសបញ្ជាក់ថា ភាពសុខុដុមនីយកម្ម នៃសាសនាមិនមែនកើតឡើងដោយចៃដន្យនោះទេ វាគឺ ជាលទ្ធផលកើតចេញពីវប្បធម៌របស់ជាតិខ្មែរយើង គោលការណ៍គ្រប់គ្រងរដ្ឋ ដែល មានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាយើង ដែលផ្តល់សិទ្ធិសេរីភាពក្នុង ការជ្រើសរើសជំនឿសាសនាដែលផ្តល់តម្លៃខ្ពស់បំផុតលើការគោរពគ្នា ការអត់អោន និងការរស់នៅជាមួយគ្នាដោយសន្តិភាព និងសាមគ្គីភាព។ ជាក់ស្តែង នៅក្នុងភូមិ សាលារៀន ទីផ្សា និងខេត្ត ក្រុងនានា ប្រជាជនខ្មែរ ដែលមានជំនឿខុសគ្នា តែង រស់នៅជាមួយគ្នា ដោយគ្មានការបែងចែក រឺក៏រើសអើងនោះឡើយ។ ចំពោះព្រះរាជាណាចក្រកម្ពុជាយើងដែលធ្លាប់មានប្រវត្តិឆ្លងកាត់ការលំបាក ជាច្រើន ជាមួយនឹង ភាពសុខុដុមនៃសាសនាចំរុះ ដែលយើងកំពុងទទួលបាននៅ បច្ចុប្បន្ននេះ គឺជាលទ្ធផលនៃការខិតខំរួមគ្នារបស់ប្រជាជាតិខ្មែរយើងទាំងមូល ៕
ដោយ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





