ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ប្រគល់ផ្ទះថ្មី និងបង្គន់អនាម័យជូនគ្រួសារខ្វះខាត២គ្រួសារ នៅស្រុកម៉ាឡៃ
AKP បន្ទាយមានជ័យ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦--ទឹកមុខប្រកបដោយស្នាមញញឹមទាំងទឹកភ្នែករំជួលចិត្ត បានលេចឡើងនៅលើផ្ទៃមុខរបស់ប្រជាពលរដ្ឋក្រីក្រចំនួនពីរគ្រួសារ រស់នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ បន្ទាប់ពីពួកគាត់ទទួលបានអំណោយដ៏ថ្លៃថ្លាគឺ «ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យ២ឈុត» ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។ ពិធីដ៏មានអត្ថន័យនេះត្រូវបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ ដោយមានការអមដំណើរពីសំណាក់ក្រុមការងារប្រតិបត្តិសាខា អនុសាខាក្រុមហ៊ុនស្រុកម៉ាឡៃ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជាយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់បាយដោយមិនបានដឹងនោះឡើយ។ «កាកបាទក្រហមកម្ពុជា មិនរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ឱ្យតែបងប្អូនជួបការលំបាក ទីនោះនឹងមានកាកបាទក្រហមចុះជួយទាន់ពេលវេលាជានិច្ច»។ នេះជាការបញ្ជាក់បន្ថែមរបស់ ឯកឧត្តម អ៊ុំ រាត្រី។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពតាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកទឹកឆ្អិន និងរួមគ្នាបំផ្លាញជម្រកមូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម និងជំងឺរាករូសជាប្រចាំផងដែរ។
គ្រួសារទាំងពីរដែលទទួលបានផ្ទះថ្មី រួមមានអ្នកស្រី លៀប សាលីន អាយុ៣១ឆ្នាំ មានបន្ទុកគ្រួសារចំនួន៦នាក់ (ស្រី៤នាក់)។ អ្នកស្រី ឡាយ សុភាព អាយុ៥១ឆ្នាំ មានបន្ទុកគ្រួសារចំនួន១០នាក់ (ស្រី៦នាក់)។ តាមរយៈការវាយតម្លៃរបស់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត គ្រួសារទាំងពីរនេះរស់នៅក្នុងស្ថានភាពក្រីក្រខ្លាំង ពុំមានលទ្ធភាពសាងសង់ផ្ទះសមរម្យសម្រាប់ជ្រកកោនឡើយ ទើបសាខាសម្រេចផ្តល់អំណោយជាផ្ទះដ៏កក់ក្តៅនេះឡើង។

«ខ្ញុំសប្បាយចិត្តខ្លាំងណាស់ រហូតដល់និយាយមិនចេញ។ ពីមុនគ្រួសារខ្ញុំមានការលំបាកខ្លាំងណាស់ រដូវភ្លៀងតែងតែលេចធ្លាយ គ្មានទីជម្រកសុវត្ថិភាពទេ។ ថ្ងៃនេះ ខ្ញុំពិតជាអរគុណជាខ្លាំងចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត និងឯកឧត្តម អ៊ុំ រាត្រី ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់ផ្ទះថ្មី និងអំណោយជាច្រើនដល់គ្រួសារខ្ញុំ ធ្វើឱ្យពួកយើងមានកន្លែងរស់នៅសមរម្យ និងមានសេចក្តីសុខក្នុងជីវិត»។ នេះជាចំណាប់អារម្មណ៍ដ៏រំភើបរបស់អ្នកស្រី លៀប សាលីន តំណាងឱ្យគ្រួសារអ្នកទទួលបានផល។
គួរបញ្ជាក់ថា ក្រៅពីផ្ទះថ្មី និងបង្គន់អនាម័យ គ្រួសារទាំងពីរក៏ទទួលបានអំណោយឧបត្ថម្ភបន្ថែមរួមមាន អង្ករ៥០គីឡូក្រាម មី ត្រីខ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនថែមទៀត ខណៈដែលចាស់ជរា និងស្រ្តីមានផ្ទៃពោះដែលបានចូលរួមក្នុងពិធីនោះ ក៏ទទួលបានសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ដើម្បីជាការជួយសម្រាលបន្ទុកជីវភាពនាពេលបច្ចុប្បន្ន៕
ដោយ ឈុន សារ៉ាត





