រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធទិវាលុបបំបាត់គ្រឿងញៀន
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦--លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជាអធិបតីនៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកចូលរួមប្រមាណជាង ៤០០នាក់។

ក្នុងឱកាសនោះ លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ បានកោតសរសើរ និងអរគុណដល់គ្រប់អង្គភាពជាសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងដៃគូអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក៏ដូចជាវិស័យឯកជន និងសប្បុរសជននានា ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមតួនាទី និងភារកិច្ចពាក់ព័ន្ធ រៀងៗខ្លួនប្រកបដោយសម្បជញ្ញៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសក្នុងគ្រប់ដំណាក់កាល នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកជំទាវបានបន្តថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាអនុវត្តតាមផែនការ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀនក្នុងខេត្ត។ គោលបំណងរបស់យើង គឺឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តន៍ច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ។ ការអនុវត្តរបស់យើង គឺផ្សាភ្ជាប់ជាមួយនឹងពាក្យស្លោក «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ។

ថ្លែងក្នុងបរិបទនេះ លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់អប់រំផ្សព្វផ្សាយផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋ ឱ្យយកកូនចៅទៅទទួលការព្យាបាល ស្តារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបំណិនជីវិតរហូតពួកគេទទួលបានមកវិញនូវសម្បទាល្អទាំងផ្លូវកាយ ផ្លូវចិត្ត ចិញ្ចឹមជីវិត និងកសាងគ្រួសារមួយដ៏ល្អនៅក្នុងសង្គម។ គោលជំហរ និងឆន្ទៈរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងប្ដូរផ្ដាច់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយធ្វើការណែនាំដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ឱ្យមានការចូលរួមពីវិស័យឯកជន សាសនា និងគ្រប់ដៃគូពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបន្តថែរក្សា ការពារ និងពូនជ្រុំជីវភាពដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលយើងទទួលបានលទ្ធផលល្អប្រសើរ៕
ដោយ៖ បៃ ស៊ីថុន





