ក្រសួងអប់រំនឹងរៀបចំវគ្គបណ្តុះបណ្តាលលើការប្រើប្រាស់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦--ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំ» ដើម្បីលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងវិស័យអប់រំតាមរយៈប្រព័ន្ធអេឡិចត្រូនិក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ជូនទៅដល់សាធារណជន និងធុរជន។

ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើមុខងារសំខាន់ៗដូចជា ១.ការចុះឈ្មោះបង្កើតគណនី ២.ការបំពេញពាក្យស្នើសុំ ៣.ការបញ្ចូលឯកសារគាំទ្រ ៤.ការទូទាត់កម្រៃសេវា ៥.ការតាមដានស្ថានភាពដំណើរការពាក្យស្នើសុំ និង ៦.ការទទួលអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតតាមប្រព័ន្ធអេឡិចត្រូនិក។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់តាមប្រព័ន្ធអេឡិចត្រូនិក ដោយមួយវគ្គកំណត់សមាសភាពចូលរួមត្រឹមចំនួន ១០០នាក់។ ចំពោះកាលបរិច្ឆេទ ពេលវេលា និងព័ត៌មានផ្សេងៗនឹងផ្តល់ជូនតាមរយៈក្រុមតេលេក្រាមក្រោយការចុះឈ្មោះ។
ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០២៣ ២២០ ៨៩៧ (រៀងរាល់ម៉ោងធ្វើការ)។ សូមសាធារណជន និងធុរជនដែលមានចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាលនេះមេត្តាស្តេន QR Code ដើម្បីចុះឈ្មោះ និងចូលទៅកាន់ក្រុមតេលេក្រាមដូចដែលបានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





