ឯកឧត្តម គួច ចំរើន ចុះពិនិត្យការសាងសង់អគារនៅសាលាចំនួន០៣ ជាអំណោយរបស់ សម្ដេចតេជោ ក្នុងក្រុងអរិយក្សត្រ
AKP កណ្តាល ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦--អគារសិក្សាចំនួន០៣ខ្នង និងអាគារបណ្ណាល័យចំនួន០១ ក្នុងសាលាចំនួន០៣ ស្មើនឹង ៣៨បន្ទប់ និង ០៣បន្ទប់ទឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាននឹងកំពុងដំណើរការសាងសង់ ត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុងអរិយក្ស និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងកំពុងសាងសង់ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

អាគារសិក្សាដែលកំពុងសាងសង់នេះ រួមមាន ទី១ សាលាមត្តេយ្យខ្មែរអមតៈ ក្នុងភូមិខ្សាច់ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ចំនួន០១ខ្នង ទំហំទទឹង ០៩ម៉ែត្រ បណ្តោយ ៥១ម៉ែត្រ ស្មើនឹង ០៧បន្ទប់ រាងអក្សរ L និងបន្ទប់ទឹកចំនួន ០៣បន្ទប់ ដែលចាប់ផ្តើមសាងសង់នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ និងសម្រេចបានលទ្ធផលប្រមាណជា ៨៥%។ ទី២ វិទ្យាល័យព្រែកលួង ក្នុងភូមិព្រែកថោង សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល មានចំនួន ០១ខ្នង កម្ពស់ ០៣ជាន់ ស្មើនឹង ១៨បន្ទប់ ដែលសាងសង់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ និងសម្រេចបានប្រមាណ ៣៥% គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ដោយបានរួចរាល់ ១ជាន់ ចាក់សរសរឡើងជាន់ទី២ និងរៀបឥដ្ឋខាងក្រោម។ ទី៣ សាលាបឋមសិក្សាព្រែកអំពិល ភូមិព្រែកអំពិល សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ចំនួន ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១០បន្ទប់ ទទឹង ០៩ ម៉ែត្រ និងបណ្តោយ ៤៦ម៉ែត្រ។ ទីចាត់ការ ០១ខ្នង ចំនួន ០១ជាន់ មាន ០៣បន្ទប់ ទទឹងប្រវែង ០៩ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ មានបង្គន់អនាម័យចំនួន ០១ខ្នង ចំនួន ០៥បន្ទប់ ប្រវែងទទឹង ៣,៥ម៉ែត្រ និងបណ្តោយ ៦,៥ ម៉ែត្រ ដែលសាងសង់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ វឌ្ឍនភាពសម្រេចបានជារួមប្រមាណ ៧៥% គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា គម្រោងសាងសង់អគារសិក្សាថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងក្នុងការបង្កើនសមត្ថភាពទទួលសិស្ស និងបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាព សមរម្យ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយអគារសិក្សានេះដែរក៏នឹងរួមចំណែកពង្រីកវិស័យអប់រំ និងជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សនៅក្នុងតំបន់ ដែលមានតម្រូវការកើនឡើងជារៀងរាល់ឆ្នាំ។ អ្នកទទួលគម្រោងសាងសង់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើការអនុវត្តការងារឱ្យស្របទៅតាមស្តង់ដាលក្ខណៈបច្ចេកទេសសំណង់ ត្រូវធានាថាសំណង់មានគុណភាពខ្ពស់ មានសុវត្ថិភាព ហើយមួយវិញទៀត គណៈគ្រប់គ្រងសាលាត្រូវខិតខំរៀបចំបរិវេណសាលាឱ្យមានសោភ័ណភាព និងបរិយាកាសអំណោយផលដល់ការបង្រៀន និងការរៀនសូត្ររបស់សិស្សានុសិស្ស។

ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់ក្រុមការងារសាងសង់ ត្រូវអនុវត្តគម្រោងឱ្យបានរួចរាល់តាមពេលវេលាដែលបានកំណត់ ស្របទៅតាមតាមប្លង់ និងស្តង់ដារដែលបានគ្រោងទុក ហើយសំណង់ត្រូវតែមានភាពភាពរឹងមាំដែលអាចប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





