ឯកឧត្តម សុខ លូ ចុះពិនិត្យទីតាំងរោងចក្រកិនស្រូវ ឡាយសែ និងក្រុមហ៊ុនកែច្នៃអាហារ មិសុតា ហ៊្វូដ
AKP បាត់ដំបង ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦-- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងរោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អ៊ិចផត ខូអិលធីឌី និងបន្តពិនិត្យទីតាំងក្រុមហ៊ុន មិសុតា ហ៊្វូដ។

ការចុះពិនិត្យទីតាំងរោងចក្រកិនស្រូវ ឡាយសែ និងក្រុមហ៊ុនកែច្នៃអាហារ មិសុតា ហ៊្វូដ នេះ គឺដើម្បីពិនិត្យ និងសិក្សាអំពីខ្សែសង្វាក់ផលិតកម្ម ការទិញវត្ថុធាតុដើម ការកែច្នៃ ការវេចខ្ចប់ និងការចែកចាយផលិតផល ព្រមទាំងស្វែងយល់អំពីសមត្ថភាពផលិតកម្ម និងបច្ចេកទេសដែលក្រុមហ៊ុនកំពុងអនុវត្ត ដើម្បីស្វែងរកលទ្ធភាពជំរុញ និងការពង្រីកផលិតកម្ម និងការកែច្នៃផលិតផលកសិកម្មក្នុងខេត្តបាត់ដំបង។

សូមជម្រាបថា រោងចក្រកិនស្រូវ កែច្នៃអង្ករ ឡាយសែ របស់ក្រុមហ៊ុន ស៊ីធីរ៉ាយស៍ អ៊ីមផត អ៊ិចផត ខូអិលធីឌី ស្ថិតក្នុងស្រុកថ្មគោល និងការបន្តពិនិត្យទីតាំងក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីមផត អ៊ិចផត ឯ.ក ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង៕


ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





