ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយនិវត្តជនប្រមាណ ១.៧០០នាក់នៅស្រុកត្រាំកក់
AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦--ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន និងអតីតយុទ្ធជន នៅស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីនិវត្តជន និងអតីតយុទ្ធជនសរុបប្រមាណ ១.៧០០នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានពាំនាំនូវសេចក្តីនឹករលឹកចំពោះនិវត្តជន និងអតីតយុទ្ធជន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់ៗរូប។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរៀមច្បង និងពូមីងនិវត្តជនទាំងអស់ ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់គ្រប់វិស័យ និងបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិមាតុភូមិ និងដើម្បីទុកជាសមិទ្ធផលបន្តជូនអ្នកជំនាន់ក្រោយ ដែលយើងត្រូវតែប្ដេជ្ញាថែរក្សាការពារ និងបន្តអភិវឌ្ឍន៍ទ្វេដងតទៅទៀត។ ឯកឧត្តម ក៏បានជម្រាបជូនអំពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសយើង រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពានថ្នល់គ្រប់ទីកន្លែង ដែលបានជួយសម្រួលការធ្វើដំណើរ និងការប្រកបរបររកស៊ីផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោកយាយ លោកតា អ៊ុំ មា មីង ដែលជានិវត្តជន និងអតីតយុទ្ធជន អំពីអត្ថប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរ ដោយរួមមាន ការផ្តល់ជូនដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការជួយសាងសង់លំនៅដ្ឋាន ប្រាក់ឧបត្ថម្ភ និងប្រាក់សោធននិវត្តន៍ជាទៀងទាត់។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអនុញ្ញាតជូនលោកយាយ លោកតា អ៊ុំ មា មីង លើកឡើងនូវសំណូមពរនានាដើម្បីក្រុមការងារដោះស្រាយជូនផងដែរ៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





