គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេវកម្ម» នៅស្រុកលើកដែក
AKP កណ្តាល ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦--សិក្ខាសាលាផ្សព្វផ្សាយ «សៀវភៅផែនការជាតិប្រឆាំងភេវកម្ម» ក្នុងគោលបំណងផ្សព្វផ្សាយបញ្ច្រាបការយល់ដឹងអំពីសៀវភៅផែនការជាតិប្រឆាំងភេវកម្ម ក្រោមអធិបតីភាព ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម និងលោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីថ្ងែទី១៣ ខែសីហា ឆ្នាំ២០២៦ នៅស្រុកលើកដែក ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីមេឃុំ និងមន្ត្រីជាច្រើនរូប។

ឯកឧត្តម គឹម នាន អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៤ ដែលរួមមាន ទី១ ការទទួលខុសត្រូវ និងតួនាទី ទី២ ការត្រៀមជាមុន និងការការពារ ទី៣ ការឆ្លើយតប និងទី៤ ការស្តារឡើងវិញ និងនីតិវិធីពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងកិច្ចពិភាក្សាសួរដេញដោលជុំវិញប្រធានបទពាក់ព័ន្ធនឹងការងារប្រឆាំងភេវកម្ម។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងថា កិច្ចការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាបុរេលក្ខខណ្ឌដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីជាប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញយ៉ាងណាក៏ដោយ ក៏ការងារបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើភេរវកម្ម នៅតែជាភារកិច្ចយុទ្ធសាស្ត្រដែលយើងត្រូវយកចិត្តទុកដាក់ខ្ពស់ជានិច្ច។ ការចុះផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេរវកម្មនាពេលនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីពង្រឹង និងលើកកម្ពស់ការយល់ដឹងជាយុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារប្រឆាំងភេរវកម្ម បង្កើនប្រសិទ្ធភាព និងពង្រឹងយន្តការសម្របសម្រួលការងាររវាងស្ថាប័នថ្នាក់ជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់មូលដ្ឋាន ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានរួចរាល់ក្នុងការឆ្លើយតប និងទប់ស្កាត់រាល់សញ្ញាណ ឬហានិភ័យផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ការផ្សព្វផ្សាយសៀវភៅផែនការជាតិប្រឆាំងភេវកម្មនេះ គឺដើម្បីសម្របសម្រួល និងនីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការ និងការប្រឆាំងភេរវកម្ម រួមទាំងការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងផែនការឆ្លើយតបរបស់អន្តរក្រសួង ស្ថាប័ន៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





