សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមបង់ថ្លៃ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានបើកវគ្គបង្រៀនវិជ្ជាសង្គ្រោះបឋមបង់ថ្លៃ ដល់លោកគ្រូ-អ្នកគ្រូ និងបុគ្គលិក សាលាមត្តេយ្យអន្ដរជាតិឃីភីណាដោយមានសិក្ខាមចូលរួមចំនួន ២៧នាក់ ស្រី ២៤នាក់ រយៈពេល១ថ្ងៃ នៅស្ថិតសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ។

គោលបំណងក្នុងការបណ្តុះបណ្តាល គឺចង់ឱ្យលោកគ្រូ -អ្នកគ្រូ និងបុគ្គលិកសាលា ចេះវិជ្ជាសង្គ្រោះបឋម ដើម្បីជួយសង្គ្រោះនៅពេលមានបញ្ហាឬ គ្រោះថ្នាក់ដោយចៃដន្យក្នុងប្រការណាមួយ ទាំងក្នុងបរិវេណសាលា និងក្នុងគ្រួសារ រួមទាំងសហគមន៍ផងដែរ ។
ឆ្លៀតក្នុងឨកាសនោះលោក គាំ សុខុម នាយកសាខា ក៏បានផ្សព្វផ្សាយស្ដីពី ប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ គោលការណ៍គ្រឹះទាំង៧ បដិរូប និងសុខភាពជូនដល់សិក្ខាកាម ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា និងការថែទាំសុខភាពប្រចាំថ្ងៃ ហើយលោក នាយកសាខាបានអរគុណដល់លោកគ្រូ អ្នកគ្រូនិងបុគ្គលិកសាលាដែលបានចំណាយពេលវេលាចូលរួមរៀនក្នុងរយ:ពេល១ថ្ងៃនេះ សង្ឃឹមថាបងប្អូនអាចយកចំណេះវិជ្ជាបានរៀនក្នុងថ្ងៃនេះអាចយកទៅចែករំលែកបន្តដល់បងប្អូនសាច់ញ្ញាតិ ព្រោះវិជ្ជាសង្រ្គោះបឋមនៅមានសារៈសំខាន់ក្នុងការរស់នៅប្រចាំ។

ក្នុងនោះដែរ លោក នាយកសាលាឃីភីណា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកគ្រូមកពីសាខាកាកបាទក្រហមខេត្ត ចំណាយពេលមកបង្រៀនវិជ្ជាសង្រោះបឋមដល់បុគ្គលយកក្រុមហ៊ុនរយ:ពេលមួយថ្ងៃនេះ ហើយលោក នាយកសាលាសង្ឃឹមថាលោកគ្រូ អ្នកគ្រូ និងបុគ្គលិកដែលរៀន១ថ្ងៃមកនេះអាចយកចំណេះវិជ្ជានេះជួយដល់មិត្តរួមក្រុមការងារ និងសិស្សក្នុងសាលាបានទាន់ពេលវេលា។

លោក នាយកសាខាក៏បានផ្សព្វផ្សាយនូវសារអប់រំមួយចំនួនស្ដីពី ជំងឺគ្រុនឈាម និងគ្រុនឈីក ដល់សិក្ខាម ព្រោះបច្ចុប្បន្ននេះករណីជំងឺគ្រុនឈាមចម្លងបងប្អូនប្រជាពលរដ្ឋមិនថាក្មេងឬចាស់នោះទេ ហើយក្នុងករណីក្រុមគ្រួសារណាម្នាក់ របស់អ្នកមានរោគសញ្ញាជំងឺ ដូចជាក្ដៅខ្លួនខ្លាំងភ្លាមៗ ៣៩អង្សាសេឡើង និងសញ្ញាបន្ទាប់បន្សុំផ្សេងទៀត ដូចជា មុខក្រហម ឈឺក្បាល ឈឺក្រោមក្រឡង់ភ្នែក ឈឺសាច់ដុំ ឬសន្លាក់ ឈឺខ្លួន ស្នាមកន្ទួលក្រហមជាដើម ហើយករណីសង្ស័យជំងឺគ្រុនឈាមខាងលើនេះ មិនត្រូវសាកល្បងព្យាបាលដោយខ្លួនឯង ឬការប្រើប្រាស់ថ្នាំប្រភេទ អាស្ពីរីន ឬអ៊ីប៉ុយព្រូហ្វែន ជាដាច់ខាត និងមិនត្រូវស្វែងរកសេវាថែទាំសុខភាពណាដែលមិនមានជំនាញវិជ្ជាជីវៈ ធ្វើការពិនិត្យព្យាបាលជំងឺគ្រុនឈាមឡើយ ដោយត្រូវរូសរាន់ស្វែងរកសេវាថែទាំសុខភាព ដែលនៅជិតអ្នកបំផុត ដូចជា មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត៕
មេរៀនសំខាន់ៗមាន៖
១. ការយល់ដឹងពីកាកបាទក្រហម
- ប្រវត្តិគំនិត១
- សមាសភាគរបស់ចលនា
- បដិរូប និងសញ្ញាសំគាល់
- គោលការណ៍គ្រឹះរបស់ចលនា
- ប្រវត្តិ និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា
២.វិជ្ជាសង្គ្រោះបឋម
- តួនាទីអ្នកសង្រ្គោះ គោលការណ៍គ្រឹះ
- សភាពស្ហុក
- សន្លប់បាត់ស្មារតី ការដាក់ដំណេកសុវត្ថិភាព
-សន្លប់បាត់ដង្ហើម ការធ្វើCPR
- ស្លាក់
- របួសស្រាល ធ្ងន់
- ការហូរឈាម
- ការប្រើប្រាស់ម៉ាស៊ីនសង្គ្រោះ និងវាយតម្លៃ បេះដូង AED
- បាក់ឆ្អឹង និងការដឹកជញ្ជូនជនរងគ្រោះ។
ជាចុងក្រោយប្រសិនបើបងប្អូនខាងម្ចាស់ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ចង់ទំនាក់ទំនងខាងក្រុមការងារបង្រៀនវិជ្ជាសង្គ្រោះបឋមសូមទំនាក់ទំនងលេខ: 012 755 328. 086 222 107. 096 72 72 002៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





